នៅព្រឹកថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តក្នុងពិធីប្រកាសជាផ្លូវការ គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ដែលមានអញ្ជើញចូលរួម លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី Kristin Parco ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងជាតំណាងអង្គការ សហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកជំទាវ យូ សុភា អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត សៀមរាប ឯកឧត្តមអភិបាលរងខេត្ត ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងពី គជអប ពីខាងក្រសួងសង្គមកិច្ច ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័ន មន្ទីរអង្គភាព នៃខេត្តគោលដៅទាំងបី និងតំណាងអង្គការដៃគូជាតិមានយូអិន និងUNFPA និង អង្គការដៃគូរពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សហការ ជាមួយអង្គការសហប្រជាជាតិ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងរួមជាមួយថ្នាក់ដឹកនាំរបស់ រដ្ឋបាលខេត្តគោលដៅទាំងបី មានសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសជាផ្លូវការស្តីពី “ គម្រោងរួមគ្នា” រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ-១៩ ក្នុងគោលបំណងជួយគាំទ្រ ដល់ពលករបញ្ជូនត្រលប់មកវិញដែលងាយរងគ្រោះបំផុត ជាពិសេសស្រ្តី ស្រ្តីជាមេគ្រួសារនិងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់សមាហរណកម្មសេដ្ឋកិច្ច និងសង្គមជាបុគ្គលដើម្បីវិលត្រលប់មករស់នៅក្នុងសហគមន៍វិញ៕