រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារគណៈកម្មាធិការអន្តរក្រសួងនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩

  • 1.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមការងារគណៈកម្មាធិការអន្តរក្រសួងនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី និងជំរុញឲ្យគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌មានសុពលភាពទាំងអស់ទទួលអត្ថប្រយោជន៍ពីកម្មវិធី នៅសាលប្រជុំB២ អគារB សាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត លោក នាយកស្ដីទី ទីចាត់ការអន្តរវិស័យ លោក លោកស្រីប្រធានមន្ទីរដែលពាក់ព័ន្ធ និងក្រុមការងារគណៈប្រតិភូគណៈកម្មកាធិការអន្តក្រសួង ព្រមទាំងអ្នកតំណាងឲ្យអង្គការអន្តរជាតិផងដែរ។

ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ត្រូវបានអនុវត្តដោយក្រសួងសុខាភិបាលចាប់ពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវបានផ្ទេរមកក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តបន្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដែលបានដំណើរការអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយជាលទ្ធផលគិតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនស្រ្ដី និងកុមារ ទទួលផលសរុបបាន ៥ ២០២នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៦០០ ១៦០ ០០០រៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍លើកឡើងអំពីបញ្ហាប្រឈមដែលកើតមានឡើងក្នុងខេត្តបាត់ដំបង គឺបញ្ហាបច្ចេកវិទ្យា ដោយនៅតាមឃុំ សង្កាត់នានាក្នុងខេត្តបាត់ដំបងមិនសូវស្ទាត់ជំនាញនឹងបច្ចេកវិទ្យា និងជាពិសេសបញ្ហាថេបប្លេត១ ប្រើប្រាស់កម្មវិធី៣ស្របពេលតែមួយរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំផង និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជម្ងឺកូវីដ-១៩ និងកម្មវិធីផ្ដល់ប័ណ្ណក្រីក្រតាមការស្នើសុំផង និងជាពិសេសបញ្ហាប្រព័ន្ធអ៊ិនធឺណែតនៅតំបន់មួយចំនួនដើរយឺត ការបញ្ជូនទិន្នន័យសម្រាប់ដកប្រាក់ ធ្វើឲ្យមានការដកសាច់ប្រាក់មិនទាន់ពេលវេលា ដែលជាហេតុធ្វើឲ្យមានការអនុវត្តការងារ ការផ្ដល់សាច់ប្រាក់នេះមានភាពយឺតយ៉ាវ និងរអាក់រអួលមួយចំនួន៕

អត្ថបទទាក់ទង