រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានសាលាឧទ្ធរណ៍បាត់ដំបង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅសាលាឧទ្ធរណ៍បាត់ដំបង

  • 4.2ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានសាលាឧទ្ធរណ៍បាត់ដំបង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌នៅសាលាឧទ្ធរណ៍បាត់ដំបង។

នៅក្នុងពិធីនេះ បានធ្វើការប្រកាសតែងតាំងដល់ ឯកឧត្តម សម ប៊ុនថុន ជាប្រធានសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តមនួន សានជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងនិងឯកឧត្តម គឺ ប៊ុណ្ណារ៉ា ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា សាលាឧទ្ធរណ៍បាត់ដំបងនិងសាលាឧទ្ធរណ៍ត្បូងឃ្មុំគឺជាសាលាឧទ្ធរណ៍តំបន់ ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់ជាប្រវត្តិសាស្រ្តនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតនឹងប្រជាពលរដ្ឋ ។

ឯកឧត្តម កើត រិទ្ធ បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់ ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី ក្នុងនោះក៏ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាពយុតិ្តធម៌ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមខ្លួនឯង ហើយក៏ជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌ផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសំដែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំដែលទើបចូលកាន់តំណែងជាផ្លូវការនាពេលនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំរួមជាមួយមន្ត្រីក្រោមឱវាតនឹងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាឧទ្ធរណ៍បាត់ដំបង មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងឱ្យបានល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទទាក់ទង