គណៈប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យមើលដំណើរការនៃការធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ដោយឱ្យបងប្អូនប្រជាពលរដ្ឋបំពេញសលាបត្រព័ត៌មាន ដែលផ្តល់ដោយក្រុមការងារថ្នាក់ខេត្ត នៅក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង
នៅរសៀលថ្ងៃចន្ទ ៧កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យដីធ្លី បានអញ្ជើញ ចុះអមដំណើរគណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ដោយឱ្យពួកគាត់បំពេញសលាបត្រព័ត៌មានដោយខ្លួនឯង ដែលបានផ្តល់ឱ្យដោយក្រុមការងារថ្នាក់ខេត្តជាទម្រង់មួយ ដើម្បីឱ្យគាត់ធ្វើបំពេញដោយខ្លួនឯង នូវទិន្នន័យ ឬព័ត៌មានរៀងៗខ្លួនអំពីទំហំដី និងទីតាំងដីជាក់លាក់ ដែលស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ នៅក្នុងដំណើរនោះក៏មានការអញ្ជើញចូលរួម ឯកឧត្តម គង់ វិចិត្រ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
គូសបញ្ជាក់ដែរថា នៅក្នុងដំណើរការចុះពិនិត្យនេះ គណៈប្រតិភូក៏បានសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីព័ត៌មានបន្ថែមពីប្រជាពលរដ្ឋ ដែលបានមកធ្វើការទំនាក់ទំនងជាមួយក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងចង់សិក្សាស្វែងយល់បន្ថែមទៀតពីការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដែលបានអនុវត្តផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ថាតើមានភាពងាយស្រួល និងមានការលំបាកមានអ្វីខ្លះ ដែលក្រុមការងារបានជួបប្រទះ នៅក្នុងអំឡុងពេលកំពុងបំពេញភារកិច្ចក្នុងចុះស្រង់ទិន្នន័យសលាបត្រព័ត៌មាន និងទទួលយកសំណូមពរនានា ដើម្បីយកមកពិភាក្សាបន្តផងដែរ ៕