រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកស្រី សុំ ចិន្តា អញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ឱកាសស្វែងរកការងារក្នុងប្រទេស និងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ឱកាសស្វែងរកការងារក្នុងប្រទេស និងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ។

នៅក្នុងអង្គវេទិកានោះក៏មានការអញ្ជើញចូលរួមពី វាគ្មិននៅតាមបណ្តាមានអង្គភាពពាក់ព័ន្ធមួយចំនួនដូចជា វាគ្មិនដែលអញ្ជើញមកពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរការងារ នងបណ្តុះបណ្តាវិជ្ជាជីវៈខេត្ត មន្ទីរកិច្ចការនារីខេត្ត មជ្ឈមណ្ឌលការងារខេត្ត ដែលការចូលរួមពី លោកអភិបាល អភិបាលរងស្រុក អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក វិរៈការពារព្រំដែន៨១៧ សមាជិកក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១៣០ នាក់។

លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងអំឡុងមានការបិទព្រំដែនរវាងកម្ពុជា-ថៃ មិនឲ្យមានធ្វើដំណើរឆ្លងកាត់ពីសំណាក់ពលរដ្ឋទាំងពីរប្រទេស ក្រៅពីការដឹកជញ្ជូនទំនិញចេញចូលនោះ ដោយសារវិបត្តិជំងឺកូវីដ១៩ គឺអាជ្ញាធរការពារព្រំដែនបានធ្វើការហាមឃាត់ប្រជាពលរដ្ឋខ្មែរជិត១០០០នាក់ ដែលបានព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ នៅតាមច្រករបៀងនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។

លោកស្រី ស៊ុំ ចិន្តា បានលើកឡើងថា អាជ្ញាធរខេត្តបាត់ដំបង នៅតែមានការព្រួយបារម្ភ ចំពោះការព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ពលរដ្ឋខ្មែរ ចូលទៅប្រទេសថៃ តាមច្រករបៀងនានា ។
លោកស្រីបានបន្តថា ព្រោះកាលពីពេលថ្មីៗនេះ កងកម្លាំងការពារព្រំដែន បានឃាត់ខ្លួនពលរដ្ឋដែលលួចចូលទៅថៃតាមច្រករបៀងចំនួនជាង ៨០០នាក់ ដែលក្នុងនោះមានពលរដ្ឋរស់នៅខេត្តបាត់ដំបងផង និងបណ្ដាខេត្តផ្សេងៗទៀតផង តាមរយៈមេខ្យល់បញ្ចុះបញ្ចូល ។

លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ ដោយកុំឲ្យបន្តលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃទៀត ព្រោះទាំងមានហានិភ័យក្នុងការចាប់បញ្ជូនមកវិញ ពីអាជ្ញាធរប្រទេសថៃ ប្រឈមការជួញដូរកម្លាំងពលកម្ម ជួញដូរផ្លូវភេទ ពិសេសបញ្ហាឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំងនោះ ។

គួរបញ្ជាក់ថា សម្រាប់ច្រកព្រំដែនជាប់នឹងខេត្តបាត់ដំបង គឺមានការអនុញ្ញាតឲ្យឆ្លងកាត់ដឹកទំនិញតែ ២ច្រកទ្វារអន្តរជាតិប៉ុណ្ណោះ គឺច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកទ្វារអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ដោយមិនមានការអនុញ្ញាតឲ្យមនុស្សឆ្លងកាត់ដូចមុននោះទេ ៕

អត្ថបទទាក់ទង