រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅសាលាខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង ។

នៅក្នុងពិធីប្រកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព លោកអភិបាល អភិបាលរង ក្រុង ស្រុក និងមន្ត្រីក្រោមឱវាទមន្ទីរវប្បធម៌ និងសិល្បៈខេត្តជាច្រើនរូបផងដែរ ។

លោក គឹម សោភណ្ឌ ដែលជាប្រធានមន្ទីរទើបប្រកាសចូលកាន់មុខតំណែងថ្មី បានធ្វើសេចក្តីប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី និងអង្គពីធី ដោយខិតខំប្រឹងប្រែងអនុវត្តខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច របៀបរបបការងារ ដើម្បីសំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារប្រកបដោយតម្លារភាព សមភាព និងឈានទៅរកសមធម៌ឱ្យបានកម្រិតខ្ពស់បំផុត។

ឯកឧត្តម ងួន រតនៈ បានថ្លែងកោតសរសើរចំពោះកិច្ចការងារ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលជួយអភិរក្ស និងអភិវឌ្ឍន៍លើវិស័យសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោក គឹម សោភណ្ឌ ដែលបានប្រកាសចូលកាន់មុខតំណែងថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងមានកិច្ចសហការណ៍ជាមួយមន្ទីរនានាជុំវិញខេត្ត។

លោកជំទាវ ភឿង សកុណា បានថ្លែងសំណេះសំណាលក្នុងពិធីនោះថា សម្រាប់ខេត្តបាត់ដំបង គឺជាខេត្តមួយ ដែលសំបូរទៅដោយប្រពៃណីវប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន និងជាខេត្តមួយដែលមានសក្តានុពលផ្នែកវប្បធម៌ ទេសចរណ៍ និងប្រវត្តិសាស្ត្របន្ទាប់ពីខេត្តសៀបរាមផងដែរ ។

លោកជំទាវ រដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តបាត់ដំបងជាទឹកដីសំបូរបែប ដែលមានប្រាសាទបុណ្យតូចធំ និងមានអាយុកាលច្រើនឆ្នាំមកហើយ ជាពិសេសស្ថានីយបុរេប្រវត្តិសាស្ត្រ ល្អាងស្ពាន ដែលស្ថិតនៅក្នុងស្រុករតនមណ្ឌល ដែលជាស្ថានីយបុរេប្រវត្តិសាស្ត្រមានអាយុកាលរាប់រយម៉ឺនឆ្នាំ និងការរស់នៅរហូតទៅដល់៣ជំនាន់ផងដែរ។

លោកជំទាវ ភឿង សកុណា បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មីដែលទើបបានប្រកាសតែតាំងថ្មី ខិតខំឱ្យអស់នូវកម្លាំងកាយ និងជំនាញរបស់ខ្លួនឲ្យល្អដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញនានាពាក់ព័ន្ធក្នុងខេត្តមេត្តាជួយថែរក្សាអភិរក្សវត្ថុបុរាណ ប្រសាទបុរាណ ផ្ទះបុរាណ ជាបិតិកភ័ណ្ឌជាតិជាដើមផងដែរ៕

អត្ថបទទាក់ទង