នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣ តាមរយៈវីដេអូបញ្ជូនរូបភាព និងសម្លេង ប្រតិភូកម្ពុជាក្រោមការដឹកនាំរួមរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូកម្ពុជា និងមាន២៦ ក្រុងអន្តរជាតិនៃបណ្តាប្រទេសអាស៊ានទាំង១០ ចូលរួមផងដែរ។ កិច្ចប្រជុំនេះ សាធារណរដ្ឋសង្គមនិយមវៀតណាម ជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ហើយកិច្ចប្រជុំនេះតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Video conference)។
ក្នុងនាមប្រតិភូកម្ពុជា ឯកឧត្តម ងី ច័ន្រ្ទផល បានថ្លែងថាដោយប្រមូលផ្តុំឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពទីក្រុងវៃឆ្លាតនៃតំបន់រដ្ឋបាលទាំងបីរបស់ព្រះរាជាណាចក្រកម្ពុជា និង បញ្ហាCovid-19។
ជាមួយគ្នានេះ អង្គប្រជុំបានអនុម័តគោលការណ៍ ២ចំណុចដូចខាងក្រោម ៖
១-អនុម័តរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន(ASCN) ដែលគោលការណ៍ណែនាំដែលមានលក្ខណៈសាមញ្ញ និងជាក់ស្តែង ហើយការទំនាក់ទំនងនានា អាចប្រព្រឹត្តទៅតាមរយៈរដ្ឋាភិបាល ប្ញនិងផ្ទាល់ទៅខេត្ត-ក្រុងដែលជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។
២-អនុម័តសម្រាប់ការពង្រឹងភាពជាដៃគូរថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍ និងគំនិតថ្មីៗអំពីការរៀបចំទីក្រុងវៃឆ្លាត ដោយឯកភាពអនុញ្ញាតអោយពង្រីកបន្ថែមសមាជិកភាពASCNនៅឆ្នាំ២០២០។
បន្ទាប់ពីការអនុម័តចំណុចខាងលើ អង្គប្រជុំនឹងពិនិត្យអំពីវឌ្ឍនភាពការងាររៀបចំទីក្រុងវៃឆ្លាតនៃប្រទេសនិមួយៗ និងកិច្ចប្រឹងប្រែងរួមពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតCovid-19នៃរដ្ឋាភិបាលក្នុងតំបន់៕