រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីស្វែងរកដំណោះស្រាយករណីទីតាំងដីដែលបានប្រើប្រាស់ជាការិយាល័យរបស់សហគមន៍កសិករប្រើប្រាស់ទឹកអាងកំពីងពួយ ដែលស្ថិតនៅក្បែរសាលាអនុវិទ្យាល័យតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយករណីទីតាំងដីដែលបានប្រើប្រាស់ជាការិយាល័យរបស់សហគមន៍កសិករប្រើប្រាស់ទឹកអាងកំពីពួយ ដែលស្ថិតនៅក្បែរសាលាអនុវទ្យាល័យតាគ្រាមភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

នៅកិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តិធ្វើនៅសាលាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីព្រះជេគុណចៅអធិការវត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាល អភិបាលរង ស្រុក មេឃុំ នាយកសាលា សហគមន៍ប្រើប្រាស់ទឹក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ ប្រសាសន៍ណែនាំដល់សហគមន៍ប្រើប្រាស់ទឹក ត្រូវធ្វើការប្រជុំពិភាក្សាជាមួយសមាជិកសហគមន៍ ដើម្បីធ្វើការសម្រេចជារួម ថាតើត្រូវកំណត់រក្សាទុកដីសម្រាប់ការិយាល័យសហគមន៍ប្រើប្រាស់ទឹកកំរិតណា ហើយត្រូវការសម្បទានឱ្យសាលាកំរិតណា ដើម្បីជាប្រយោជន៍សាធារណៈទាំងគ្នានៅក្នុងសហគមន៍របស់ខ្លួន ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្ត ចង់ឱ្យភាគីទាំងសងខាងធ្វើការពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយរួម ពីព្រោះសុទ្ធសឹងជាប្រយោជន៍រួមក្នុងសហគមន៍មូលដ្ឋានរបស់យើងទាំងគ្នា មិនអាចអត់ខាងណាបានមួយឡើយ។

សូមជម្រាបជូនដែលថា ទីតាំងដីដែលបានប្រើប្រាស់ជាសហគមន៍ប្រើប្រាស់ទឹកអាងកំពីងពួយនោះស្ថិតនៅក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអភិវឌ្ឍន៍នឹងតម្រូវការវិសាលភាពនៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងមូលដ្ឋាន ខាងសាលាស្នើសុំដីនោះដើម្បីធ្វើការរៀបចំពង្រីកវិសាលភាពរបស់ខ្លួន និងគ្រោងបង្កើនជាវិទ្យាល័យនាថ្ងៃអនាគតផងដែរ៕

អត្ថបទទាក់ទង