នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោកនសឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត ចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់រវាងគ្នានឹងគ្នា ស្ថិតនៅចំណុចភ្នំរំដេង និងភ្នំសណ្តែក នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នៅក្នុងនោះមានការអញ្ជើញចូលរួមពី លោកប្រធាន អនប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ លោកអភិបាលស្រុក តំណាងអធិការដ្ឋាននគរបាលស្រុក តំណាងកងរាជអាវុធហត្ថស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕
លោក សឿម ប៊ុនរិទ្ធិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់រវាងគ្នានឹងគ្នា ត្រូវរក្សាភាពស្ងាមស្ងាត់ កុំប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅវិញទៅមក និងកុំកាប់ទន្ទ្រានដីព្រៃបន្ថែម ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារជំនាញចុះកំណត់អត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាកម្មដីធ្លី ដើម្បីធ្វើការផ្ទៀងផ្ទាត់ក្បាលដី ។
លោក សឿម ប៊ុនរិទ្ធិ បានបន្តផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទៀតថា នៅពេលក្រុមការងារចុះមកធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីធ្លី បងប្អូនត្រូវត្រៀមឯកសារមួយចំនួនពាក់ព័ន្ធ ដើម្បីឱ្យមន្ត្រីជំនាញធ្វើការសម្រង់ទិន្នន័យផងដែរ។
សូមជម្រាបជូនដែរថា ក្រុមការងារ និងមន្ត្រីជំនាញនឹងចុះអនុវត្តការងាររបស់ខ្លួននៅក្នុងសប្តាហ៍នេះផងដែរ៕