រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ឡាំ ជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង

  • 1.9ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធីបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងនាយករដ្ឋបាលសាលាខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង។

នៅក្នុងពិធីនេះដែលមានការអញ្ជើញចូលរួមដោយ អគ្គនាយក អគ្គនាយករង ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត អភិបាល នៃគណៈអភិបាលក្រុងស្រុកទាំង១៤ និងលោក លោកស្រីដែលជាមន្ត្រីរាជការសាលាខេត្តផងដែរ ។

ក្នុងពិធីនេះបានធ្វើការតែងតាំង លោក ឆាយ ម៉ាទីណាល់ ពីនាយករដ្ឋបាលសាលាខេត្ត ជាអភិបាលរង នៃគណៈអភិបាលខេត្តថ្មី ជំនួសដោយ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត ដែលត្រូវចូលនិវត្តន៍ និងត្រូវបានតែងតាំង លោក មូល ធន ពីនាយករងរដ្ឋបាលសាលាខេត្ត ជានាយករដ្ឋបាល សាលាខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍រាយការណ៍ ជូនគណៈអធិបតី ដោយគិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ខេត្តបាត់ដំបង អំពីស្ថានភាពទូទៅ ស្ថានភាពជមងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង ។

ព្រមជាមួយគ្នានោះដែរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បាននៅតែបន្តយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ ការពារ បង្រ្កាប និងលុបបំបាត់ជាបណ្ដើរៗ នូវរាល់បទល្មើសនានាដែលកើតមានក្នុងខេត្តបាត់ដំបង ជាពិសេសយកចិត្តទុកដាក់លើការងារចំពោះមុខ គឺការទប់ស្កាត់ បង្ការការពារការរីកនៃជម្ងឺកូវីឌ-១៩ និងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីទទួលបានការឧបត្ថម្ភក្នុងអំឡុងវិបត្តិកូវីឌ-១៩នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះគិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ក្នុងចំណោមគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីឌ-១៩ ក្នុងខេត្តបាត់ដំបង មានបណ្ណសរុបចំនួន ៦៦,៣៩៤គ្រួសារ ក្នុងនោះបានផ្ដល់ប្រាក់រួចចំនួន ៩២.៩១% ស្មើនឹង ៦១,៦៨៩គ្រួសារ ដែលបានចំណាយជាសាច់ប្រាក់សរុបចំនួន ១១,៦៤៣,២៣២ រៀល ។

ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងអំឡុងកូវីដ-១៩នេះ ធ្វើយ៉ាងណានៅតែបន្តយកចិត្តទុកដាក់ជាប់ជានិច្ច ដើម្បីធ្វើការជៀសវាងការឆ្លងរីករាលដាលដល់សហគមន៍ និងដើម្បីទប់ស្កាត់លើកទី២នៃជម្ងឺកូវីដ-១៩ បន្តធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យនៅតែរក្សាអនាម័យខ្លួនប្រាណ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាកុល កាត់បន្ថយការជួបជុំគ្នា ឬពាក់ម៉ាស់នៅពេលចេញទៅក្រៅម្ដងៗ ។ ក្នុងនោះដែរ ឯកឧត្តមបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ការបំផុសបំផុលព័ត៌មានបំពុល និងក្លែងក្លាយដែលមានបំណងបង្កជាបញ្ហាដល់សន្ដិសុខសង្គម និងការអុជអាលឲ្យមានអំពើហិង្សាផ្សេងៗ និងជាពិសេសពង្រឹងការអភិវឌ្ឍគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីទប់ស្កាត់អំពើអបាយមុខផ្សេងៗដូចជា អំពើចោរកម្ម ការជួញដូរមនុស្ស ទប់ស្កាត់ការជួញដូរគ្រឿងញៀនដែលបង្កជាបញ្ហាសុវត្ថិភាពសង្គមផងដែរ ។ ឯកឧត្តម ឡាំ ជា បានបញ្ជាក់ទៀថា ដោយសារវិបត្តិកូវីដ-១៩ ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ទើបរាជរដ្ឋាភិបាលបានបញ្ចេញគោលនយោបាយផ្ដល់សាច់ប្រាក់ដល់ជនក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិនូវជម្ងឺកូវីដ-១៩ទាំងអស់ ។

ឯកឧត្តមបានបន្តទៀតថា ដោយសារមានភាពមិនប្រក្រតីក្នុងការចែកជូនបណ្ណក្រីក្រ ដើម្បីទទួលបានសាច់ប្រាក់ពីគោលនយោបាយរបស់រដ្ឋាភិបាល ទើបក្រសួងមហាផ្ទៃបានចេញ សេចក្ដីជូនដំណឹង ណែនាំដល់អាជ្ញាធរ ពិសេសមេភូមិ មេឃុំ នៅតាមរដ្ឋបាលឃុំ ភូមិទូទាំងប្រទេស ធ្វើយ៉ាងណាឲ្យមានសុច្ចរិតភាព និងមានតម្លាភាពឲ្យបានដាច់ខាត ដោយមិនត្រូវដាក់ក្រុមគ្រួសារបងប្អូនខ្លួន ឬជនណាដែលមិនមែនជាជនក្រីក្រពិតប្រាកដឲ្យទទួលកម្មវិធីផ្ដល់សាច់ប្រាក់ក្នុងកម្មវិធីនេះឡើយ ។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំដល់អភិបាលរង នៃគណៈអភិបាលខេត្តថ្មី និងនាយករដ្ឋបាលសាលាខេត្ត ដែលទើបតែតែងតាំង ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីខ្លួនឲ្យបានល្អ ដើម្បីចូលរួមពង្រឹងការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែរីកចម្រើនទៅមុខទៀត ៕

អត្ថបទទាក់ទង