នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយទោ អេង ហុង មេបញ្ជាការរងយោភូមិភាគទី៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចុះធ្វើអត្តសញ្ញណកម្មមនុស្ស និងអត្តសញ្ញណកម្មដីធ្លី ដើម្បីពិនិត្យលើកយោបល់ស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្ត្រស្រុកសំឡូត នៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង ។
នៅកិច្ចប្រជុំផ្សព្វផ្សាយនោះក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយករងរដ្ឋបាលខេត្ត លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យ លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ មេភូមិ អនុមេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
លោក សឿម ប៊ុនរិទ្ធិ បានជម្រាបដល់អាជ្ញាធរមូលដ្ឋានអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងចុះកំណត់អត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីធ្លីនៅក្នុងភូមិសាស្ត្រស្រុកសំឡូត អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តដោយភាពស្មោះត្រង់ និងត្រូវមានការប្រុងប្រយ័ត្នការការបញ្ជាក់លិខិតស្នាមផ្សេងៗជូនបងប្រជាណលរដ្ឋ និងចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃបន្ថែមទៀតផងដែរ។
លោក សឿម ប៊ុនរិទ្ធិ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យបានម៉្មតចត់ ហើយសូមកុំមានចូលរួមស៊ុមគ្រលុំ ឬឃុបឃិតគ្នា ដើម្បីផលប្រយោជន៍ឬប្រការណាមួយឲ្យសោះ ហើយប្រសិនបើរកឃើញមានស៊ុមគ្រលុំនឹងគ្មានការលើកលែងនោះទេ។
ឯកឧត្តម ជា សំអាង បានមានប្រសាសន៍ថា ក្រុមការងារនឹងចុះរៀបចំការប្រើប្រាស់ដីឱ្យបានចប់ជាស្ថាពរនាពេលឆាប់ៗនេះតាមអ្វីដែរអាចធ្វើទៅបាន ដោយអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្តិ តាមការណែនាំ ឬបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការដោះស្រាយបញ្ហាដីធ្លីនៅក្នុងស្រុកសំឡូតនេះឱ្យមានប្រសិទ្ធិភាពផងដែរ៕