រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសារងាយរងគ្រោះ ចំនួន ៥៥ គ្រួសារ ក្នុងអំឡុងពេលមានវិបត្តិជម្ងឺកូវិដ១៩ នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការី បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារក្រីក្រ ចំនួន ៥៥ គ្រួសារ ទាំង១១ ភូមិ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងរងផលប៉ះពាល់ជំងឺកូវីដ ១៩ ដែលប្រព្រឹត្តិធ្វើនៅក្នុងបរិវេណវត្តចន្ទតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ផងដែរ។

ឯកឧត្តម ងួន រតនៈ  បានពាំនាំនូវការផ្ដាំផ្ញើ ការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពល រដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួល ទានប្រចាំថ្ងៃ សំខាន់ គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ។

ឯកឧត្ដម អនុប្រធានកិត្តិយសសាខា ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរស់នៅរបស់បងប្អូនដែលជាគ្រួសារងាយរងគ្រោះផងដែរ។

ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់បងប្អូន ត្រូវមានការប្រុងប្រយ័តនិងថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំអោយមានករណីគ្រោះថ្នាក់។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដែលទទួលបាននាពេលនោះ ១គ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម​ ទឹកបរិសុទ្ធវីឃែរ ចំណុះ ២០លីត្រ ១ធុង មី២០ ត្រីខ៦ កំប៉ុង មុង១​ក្រមា១ និងថវិកាមួយចំនួន ។

នាឱកាសនោះដែរឯកឧត្ដមអនុប្រធានកិត្តិយសសាខា និងប្រតិភូអមដំណើរ ក៏បានប្រគេនបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តចន្ទតាគ្រាមផងដែរ៕

អត្ថបទទាក់ទង