រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

  • 2.1ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ទទួលបន្ទុកបញ្ហាវិស័យដីធ្លី បានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន ២ ឃុំ គឺឃុំព្រះផុស ភូមិតានួត ចំណុចភ្នំស្នរ និងឃុំឆ្នាល់មាន់ ភូមិសំរោង ចំណុចដំណាក់ដង្កោ ដែលមានបញ្ហាទំនាស់ដីធ្លី ចំនួន ៣៣៥ ក្បាលដី ស្មើនឹងប្រមាណជាង ៣០០ គ្រួសារ ។

នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលស្រុកគាស់ក្រឡ លោកមេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោក ម៉ៅ សុចាន់ អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ បានឱ្យដឹងថា ក្រុមការងារជំនាញរបស់មន្ទីររៀបចំដែនដី បានធ្វើការវាស់វែងបញ្ហាទំនាស់ដីធ្លីទាំង ២ ចប់សព្វគ្រប់នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០មកម្លេះ ដោយមានចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលទំនាស់ និងមន្ត្រីជំនាញ ហើយបានកំណត់អត្តសញ្ញាណកម្មក្បាលដី និងគ្រួសារ ព្រមទាំងបានធ្វើការរៀបចំសំណុំឯកសារបូកសរុបបញ្ជូនទៅថ្នាក់រួចរាល់ហើយផងដែរ។

ឯកឧត្តម ងួន រតនៈ ក៏ថ្លែងអំណរគុណចំពោះក្រុមការងារ ដែលមានលោក សឿម ប៊ុនរិទ្ធិ ជាអ្នកដឹកនាំសម្របសម្រួលជាមួយមន្ទីរ និងមន្ត្រីជំនាញដែលចុះអនុវត្តផ្ទាល់ ព្រមទាំងមានកិច្ចសហការណ៍គ្នាយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋផងដែរនោះ ទើបក្រុមការងារបានសម្រេចលទ្ធផលបានដូចជាការវាស់វែងកំណត់អត្តសញ្ញាណកម្មក្បាលដីបានចំនួន ៣៣៥ ក្បាលដី និងគ្រួសារប្រមាណជាង ៣០០ គ្រួសារនេះ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពន្យល់អំពីនីតិវិធីក្នុងដំណើរការនៃចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ និងការស្នើសុំគោលការពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើការសម្បទានដីសង្គមកិច្ចជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ។

ឯកឧត្តម ងួន រតនៈ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋកុំជឿលើកការញុះញុងពីជនអគតិមួយចំនួន និងសូមឱ្យមានជំនឿមកលើការដោះស្រាយរបស់អាជ្ញាធរមានសមត្ថកិច្ច និងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីផងដែរ។

ឱឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានក៏អញ្ជើញចុះពិនិត្យស្រះទឹក ស្ថិតក្នុងស្រុកគាស់ក្រឡ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕

អត្ថបទទាក់ទង