នៅល្ងាចថ្ងៃអង្គារ៍ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យការសាងសង់ស្ពានថ្មថ្មី ទន្ទឹមស្ពានថ្មចាស់ ទល់មុខអគារសាលាខេត្តបាត់ដំបង ដែលបានកំពុងដំណើរការសាងសង់បានប្រមាណ ៨០ % ហើយគ្រោងនឹងបញ្ចប់រយៈពេល ២ខែទៀត គឺនៅក្នុងអំឡុងខែសីហា នេះផងដែរ ប្រសិនបើអាកាសធាតុមានអំណោយផលល្អ។
នៅក្នុងដំណើរចុះពិនិត្យនោះដែរ ឯកឧត្តមពិនិត្យអំពីលក្ខណៈបច្ចេកទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។
សូមបញ្ជាក់ផងដែរថា៖ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយ និង ស្ពានថ្មចាស់ ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាល ជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្ម ក្រោមវត្តមានជាអធិបតីពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង។
សម្រាបជូនផងដែរថា ស្ពានថ្មថ្មី ដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះ មានរចនាបថដូចគ្នាទៅ និងស្ពានថ្មចាស់ ដែលបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆាប់នេះផងដែរ៕