នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងស្តាប់របាយការណ៍អំពីការបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈក្រុងបាត់ដំបង របស់ក្រុមហ៊ុនជេនេរ៉លអេឡិកទ្រីក អេនផាប់ប៊្លិកឡៃធីង (General Electric and Public Lighting) នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកនាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការហិរញ្ញវត្ថុ តំណាងអង្គភាពអគ្គិសនីបាត់ដំបង តំណាងរដ្ឋបាលក្រុងបាត់ដំបង និងអ្នកពាក់ព័ន្ធចំនួនទៀតផងដែរ។
លោក តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីសកម្មភាពការងារដែលបានអនុវត្តកន្លងមក និងការគ្រប់អំពូលភ្លើងបំភ្លឺសាធារណៈតាមបណ្តាផ្លូវនានាក្នុងក្រុងបាត់ដំបង ដែលបានអនុវត្តតាមកិច្ចសន្យាតម្លើងអំពូលភ្លើងបំភ្លឺសាធារណៈ ព្រមទាំងបានផ្គត់ផ្គង់បំពាក់បរិក្ខាពាក់ព័ន្ធមួយចំនួន រួមទាំងអំពូងភ្លើងបំភ្លឺសាធារណៈប្រមាណ ១២៤៧ អំពូល នៅតាមបណ្តាផ្លូវ សួនច្បារនានាក្នុងក្រុងបាត់ដំបងផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់ក្រុមការងារទទួលបន្ទុកត្រូវធ្វើការពិនិត្យឡើងវិញចំពោះកិច្ចសន្យា ដែលក្រុមហ៊ុនបានអនុវត្ត ថាតើបានគ្រប់ជ្រុងជ្រាយ ឬត្រឹមត្រូវតាមកិច្ចសន្យាឬនៅ?
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំដល់ក្រុមការងារទទួលបន្ទុកបន្ថែមទៀតថា ត្រូវរៀបចំឱ្យមានរបាយការណ៍លម្អិតអំពីការចំណាយ និងត្រូវធ្វើការព្រៀបធៀបគ្នាមុនពេលមិនទាន់បានបំពាក់អំពូលភ្លើង LED ដោយក្រុមហ៊ុន និងក្រោយពេលបំពាក់អំពូលភ្លើង LED រួច ថាតើជួយកាត់បន្ថយការចំណាយបានប៉ុន្មានភាគរយផងដែរ។
លោក ខន វិរៈ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានឲ្យដឹងផងដែរថា ចំពោះការចំណាយប្រចាំខែនៃការទូទាត់នៃការប្រើប្រាស់ភ្លើងបំភ្លឺសាធារណៈដែលគ្រប់គ្រងផ្គត់ផ្គង់ថែទាំដោយក្រុមហ៊ុន បានជួយកាត់បន្ថយការចំណាយប្រមាណ ៥០% ផងដែរ៕