នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២០ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តការងារតាមបណ្តាមន្ទីរ អង្គភាព និងបញ្ហាប្រឈមនានា ដែលត្រូវគ្នាដោះស្រាយផងដែរ។
កិច្ចនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់អភិបាលរងខេត្ត ថ្នាក់មេបញ្ជាការរងយោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងក្រុង-ស្រុកខេត្ត មេបញ្ជាការ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល ខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការ និងមន្រ្តីពាក់ព័ន្ធចូលរួមជាច្រើនរូបទៀត។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើសុំជួយអន្តរាគមន៍ការទប់ស្កាត់ និងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើមានជាតិគីមីពុល ពីបរទេសចូលមកស្រុកខ្មែរ និងបានចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចាត់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែន ដើម្បីធ្វើការពិនិត្យស្វែងរកបន្លែ ផ្លែឈើមានជាតិគីមីពុល និងត្រូវធ្បើការហាមឃាត់មិនឱ្យចរាចរចូលមកក្នុងប្រទេស ឬក្នុងខេត្តបាត់ដំបងជាដាច់ខាត។
ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ដែរថា បន្ទាប់ពីបានស្តាប់របាយការណ៍ របស់អង្គភាពនានារួច និងបានធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹង ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើរសុំជួយអន្តរាគមន៍ការទប់ស្កាត់ និងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើ មានជាតិគីមីពុលពីបរទេស ចូលមកកម្ពុជា បានផ្អែកតាមអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតមកក្រសួងមហាផ្ទៃពាក់ព័ន្ធករណីនេះ ក្រសួងមហាផ្ទៃ បានស្នើដល់រដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ច ប្រចាំច្រកទ្វារព្រំដែនទាំងអស់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវពង្រឹងការត្រួតពិនិត្យបន្ថែមទៀត ដើម្បីទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើមានជាតិពុល និងទំនិញខូចគុណភាពសំដៅការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋជាធំ។
ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតឱ្យប្រធានអង្គភាពនីមួយៗ បានឡើងរាយការណ៍ពីបញ្ហា ដែលកើតមានឡើងតាមជំនាញរបស់ខ្លួន ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់អំពីការឆ្លងដែន របស់ប្រជាពលរដ្ឋឆ្លងដែន ដោយខុសច្បាប់ ការរំលោភបំពានដីសាធារណៈរបស់រដ្ឋ សណ្តាប់ធ្លាប់សាធារណៈ ដែលកន្លងមកនៅតែមានបន្ត ដូច្នេះអាជ្ញាធរក្រុង ស្រុក ត្រូវធ្វើការពិនិត្យកិច្ចការនេះឡើង និងត្រូវមានក្រុមការងារចុះល្បាតតាមមូលដ្ឋាន ដើម្បីពិនិត្យមើលរាល់បញ្ហាទាំងអស់នេះ និងធ្វើការហាមឃាត់បង្ក្រាបានទាន់ពេលវេលា។
នៅក្នុងកិច្ចប្រជុំនេះដែរ សមត្ថកិច្ចពាក់ព័ន្ធបានបង្ហាញ ពីការលំបាកមួយចំនួន របស់អង្គភាពខ្លួនទទួលខុសត្រូវ និងបានលើកឡើងពីលទ្ធផលការងារ សម្រេចបានកន្លងមក និងដើម្បីជូនថ្នាក់នាំឲ្យជួយធ្វើការដោះស្រាយ។
ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តបានពិភាក្សាគ្នា និងរកវិធីសាស្រ្តធ្វើការដោះស្រាយបញ្ហានានា ពិសេសការងារកំណត់អត្តសញ្ញាណកម្មលើជនក្រីក្រ នៅតាមមូលដ្ឋាននានា ឲ្យបានច្បាស់លាស់ និងចំគោលដៅខណ:ជម្ងឺឆ្លងCOVID-19 កំពុងវាយលុកខ្លាំងនៅលើពិភពលោក ដែលធ្វើឲ្យមានការប៉ះពាល់ដល់កម្ពុជាដែរ ពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយមន្ទីរជំនាញទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានជោគជ័យ ព្រមទាំងលើកទិសដៅអនុវត្តដោះស្រាយបន្តផងដែរ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការបូកសរុបក្នុងកិច្ចប្រជុំនេះដោយរំលឹក និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀត ត្រូវសហការគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាការពារសន្តិសុខ និងការងារផ្សេងៗទៀត ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តបានរស់នៅដោយបានសុខសុវត្ថិភាព ដល់ពួកគាត់ផងដែរ៕