ព្រឹកថ្ងៃ ព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អមដំណើរគណៈប្រតិភូរបស់ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យអាគារសាលាបឋមសិក្សា សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ដែលស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវអគារសិក្សា១ខ្នង មាន២ជាន់ ស្មើ២០បន្ទប់ អគារអនាម័យ១ខ្នង មានបង្គន់៦បន្ទប់ និងអាងទឹកចំនួន១ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ដែលនឹងត្រៀមនឹងធ្វើការសាងសង់ថ្មីនាពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា អគារបឋមសិក្សា និងអនុវិទ្យាល័យសព្វថ្ងៃនេះ មានសភាពចាស់ទ្រុឌទ្រោមដែលអាចបង្កជាហានិភ័យនាពេលខាងមុខ ទើបសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានអគារសិក្សាថ្មី ដើម្បីឲ្យកូនចៅប្រជារាស្រ្ដបានចូលសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីបង្កើននូវធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់ច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនលូតលាស់តទៅមុខទៀត៕