រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការផ្តល់សេវារបស់អង្គភាពច្រកចេញ-ចូលតែមួយនៅសាលាខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការផ្តល់សេវារបស់អង្គភាពច្រកចេញ-ចូលតែមួយរបស់សាលាខេត្តបាត់ដំបង ។

នៅកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោកប្រធាន អង្គភាពច្រកចេញ-ចូលតែមួយ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានអនុញ្ញាត្តឱ្យ លោក ជា សំហុន ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ បានរាយការណ៍អំពីដំណើរការការអនុវត្តរបស់អង្គភាពច្រក ដែលអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

លោក លី ប៊ុនគុណ មន្ត្រីជួរក្រោយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បញ្ជាក់បន្ថែមអំពីដំណើរនៃការផ្តល់សេវាកសិកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាមរយៈអង្គភាពច្រកចេញ-ចូលតែមួយ របស់សាលាខេត្តបាត់ដំបង ដែលបានដំណើរយ៉ាងរលូនមិនមានបញ្ហាប្រឈមកើតឡើងនោះ ហើយចំពោះសេវាដែលបងប្អូនប្រជាពលរដ្ឋមកទទួលនៅអង្គភាពច្រក ភាគច្រើនជាសេវាស្នើសុំច្បាប់បើកកសិដ្ឋានសត្វបែបលក្ខណៈគ្រួសារផងដែរ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋបាលខេត្ត បានកំពុងអនុវត្តការផ្តល់សេវាតាមរយៈអង្គភាពច្រកជូនប្រជាពលរដ្ឋយ៉ាងសកម្ម និងមានការតាំងចិត្តយ៉ាងមោះមុតក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងផងដែរ។

សូមជម្រាបជូនផងដែរថា អង្គភាពច្រកចេញ-ចូលតែមួយរបស់សាលាខេត្ត គឺអង្គភាពសម្រាប់បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមលិខិតបទដ្ឋានគតិ និងដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាផងដែរ ហើយមិនតែប៉ុណ្ណោះក៏មានការិយាល័យប្រជាពលរដ្ឋ សម្រាប់ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ រាល់ការផ្តល់សេវាមានការយឺតយ៉ាវ និងមិនត្រឹមត្រូវផងដែរ៕

អត្ថបទទាក់ទង