នៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តម ផេង បញ្ញាធន ប្រតិភូជារាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ នៅសាលាខេត្តបាត់ដំបង កិច្ចប្រជុំពិភាក្យនោះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោកប្រធានមន្ទីរផែនការខេត្ត តំណងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈប្រតិភូក្រសួងផែនការមួយចំនួនទៀតផង។
ឯកឧត្តម ងួន រតនៈ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្ត ឯកឧត្តម ដែលជាគណៈប្រតិភូរាជរដ្ឋាភិបាលនៃក្រសួងផែនការ ដែលបានអញ្ជើញចុះខេត្តបាត់ដំបងនាឱកាសនេះ។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរផែនការ ដែលជាសេនាធិការក្នុងចុះស្រង់ទិន្នន័យ និងកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលកំពង់មានវិបត្តិនៃការរីករាលត្បាតជំងឺកូដវិ ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នានាក្នុងខេត្តផងដែរ។
ឯកឧត្តម បន្តជំរុញដល់មន្ត្រីជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងស្រង់ទិន្នន័យកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ឱ្យបានទាន់ពេលវេលាតាមគោលការណែនាំរបស់ក្រសួងផែនការ និងត្រូវមានលក្ខណៈវិនិច្ឆ័យឱ្យបានច្បាស់លាស់ ជៀងវាងមានការរិះពីមហាជន បងប្អូនប្រជាពលរដ្ឋក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រផងដែរ។