ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចក្រឡាហោមនចែកជូនគ្រួសារក្រីក្រ ចំនួន ៣០ គ្រួសារ នៅក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង
នៅល្ងាចថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ អភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចក្រឡាហោមបស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ចែកជូនគ្រួសារក្រីក្រ ចំនួន ៣០ គ្រួសារ ដែលស្ថិតនៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
នៅក្នុងនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំ និងផ្តាំផ្ញើការកសាងសួរសុខទុក្ខពីសម្តេចក្រឡាហោម ដែលតែងតែគិតពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកន្លងមកផង ក៏នាពេលនេះផងដែរ។
ឯកឧត្តម ងួន រតនៈ មានប្រសាសន៍បន្តថា ដោយការរីករាលត្បាតនៃជំងឺកូដវីត ១៩ ជាសាកល ដោយឡែកប្រទេសកម្ពុជាក៏មានកើតជំងឺនេះផងដែរ ប៉ុន្តែបានព្យាបាលជាសះស្បើយអស់ហើយ បើទោះជាការព្យាបាលសះស្បើយក៏ពិតមែន ឯកឧត្តម ក៏បានផ្តាំផ្ញើ នណែនាំមិនឱ្យមានការជួបជុំគ្នាបែបសាសនា តាមវត្តអារាម និងកន្លែងផ្សេងៗទៀត និងរក្សាគម្លាតឱ្យឆ្ងាយពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវអនាម័យលាងដៃឱ្យបានញឹកញាប់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវពលរដ្ឋនៅបែកខាងលើ រស់នៅជាប់នឹងប្រឡាយ ដែលកំពុងនាំ ទឹកមកពេលនេះ កុំនាំគ្នាបូមទឹកធ្វើស្រែឲ្យសោះ ព្រោះទុកឲ្យធ្លាក់ទៅដល់ឃុំកំពង់ព្រះ ដើម្បីឲ្យពលរដ្ឋនៅទីនោះ បានប្រើប្រាស់ប្រចាំថ្ងៃផង និងមិនត្រូវនាំបំបែកតាមប្រឡាយផ្សេងៗ ទៅកាន់កន្លែងណានោះទេ។
សូមជម្រាបជូនដែរថាអំណោយ ដែលទទួលបាននាពេលនេះរួមមាន អង្ករ ២៥គីឡូក្រាម សាប៊ូ និងថវិកា ២ម៉ឺនរៀល ផងដែរ៕