ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះអន្តរាគមន៍នាំទឹក ឃុំកំពង់ព្រះ ស្រុកសង្កែ សម្រាប់រក្សាទុកប្រើប្រាស់ប្រចាំថ្ងៃ
នៅរសៀលថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ អភិបាលរងខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានចូលរួមពិនិត្យស្ថានភាពទឹកតាមប្រឡាយក្នុងភូមិសាស្ត្រស្រុកសង្កែ ពិសេសក្នុងឃុំកំពង់ព្រះ ដែលជាឃុំមួយនៃទឹក និងចុងប្រឡាយលេខ៧ ដែលកំពុងជួបបញ្ហាប្រឈមខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងបានចាត់អភិបាលរងខេត ១រូប ដើម្បីដឹកនាំក្រុមការងារចុះអន្តរាគមន៍នាំទឹកចុះនាំទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅឃុំកំពង់ព្រះផងដែរ។
លោក សុខ ហឿន អភិបាលស្រុកសង្កែ បានលើកឡើងថា ភូមិសាស្ត្រឃុំកំពង់ព្រះ ជាឃុំមួយ ក្នុងចំណោមឃុំទាំង១០ របស់ស្រុកសង្កែ ស្ថិតនៅកណ្ដាលគេ ដោយប្រភពទឹកអាចនាំបានតែពីទំនប់កង្ហត់ សម្រាប់ស្ទឹងសង្កែវិញ គឺមិនអាចនាំបាននោះទេ ដែលភូមិសាស្ត្របែបនេះហើយ ទើបធ្វើឲ្យពលរដ្ឋក្នុងឃុំតែងជួបបញ្ហាខ្វះទឹក ។
លោកបានបន្តថា ចំពោះការនាំទឹកមកឲ្យពលរដ្ឋបានប្រើប្រាស់នាពេលនេះ គឺត្រូវនាំមកយូរថ្ងៃដែរ ទើបធ្លាក់ដល់តាមភូមិ ដែលក្នុងការនាំមកនេះ ក៏បានជួបឧបសគ្គផងដែរ ដោយសារមានពលរដ្ឋរស់នៅឃុំផ្សេងទៀតពីខាងលើ មិនត្រឹមតែបូមដាក់ស្រះនោះទេ មានអ្នកខ្លះបូមដាក់ស្រែទៀតផង ដែលបញ្ហាធ្វើឲ្យទឹកហូរមកយឺត អាចមិនគ្រប់គ្រាន់សម្រាប់អ្នកខាងក្រោម ។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានលើកឡើងថា ទឹកនៅខាងលើក៏មិនមានច្រើនប៉ុន្មានដែរ បើពុំមានអ្នកខាងលើបូមទឹក ដាក់ធ្វើស្រែនោះទេ កម្លាំងទឹកដែលទម្លាក់នេះ អាចមកដល់គោលដៅ សម្រាប់ពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់ ។
ឯកឧត្តម បានអំពាវនាវពលរដ្ឋនៅបែកខាងលើ រស់នៅជាប់នឹងប្រឡាយ ដែលកំពុងនាំ ទឹកមកពេលនេះ កុំនាំគ្នាបូមទឹកធ្វើស្រែឲ្យសោះ ព្រោះទុកឲ្យធ្លាក់ទៅដល់ឃុំកំពង់ព្រះ ដើម្បីឲ្យពលរដ្ឋនៅទីនោះ បានប្រើប្រាស់ប្រចាំថ្ងៃផង និងមិនត្រូវនាំបំបែកតាមប្រឡាយផ្សេងៗ ទៅកាន់កន្លែងណានោះទេ៕