រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ

នាព្រឹកថ្ងៃ សុក្រ ៨កើត ខែភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលសហការរៀបចំឡើងដោយ គ.ជ.អ.ប និងក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង-ស្ថាប័ននានា, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប, អភិបាលរាជធានី-ខេត្ត, អភិបាលស្រុក-ខណ្ឌ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៦២០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងការដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ប្រកបដោយមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងបង្ហាញអំពីវឌ្ឍនភាពថ្មីមួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបង្ហាញអំពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការគាំទ្រវិស័យអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ការគាំទ្រ និងរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យនេះឡើង។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានកោតសរសើរចំពោះរាល់កិច្ចសហការ ក្នុងការចូលរួមគាំទ្រគ្រប់ស្ថាប័ន ក្រុង-ស្រុក-ខណ្ឌ ដើម្បីជំរុញការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចំពោះការងារអប់រំ ឱ្យកាន់តែល្អប្រសើរ។

Related Posts