រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ឯកឧត្តម សុខ លូ អញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ស្រុកភ្នំព្រឹក

នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២០គ្រួសារ មកពីភូមិចំនួន១១លើឃុំចំនួន៤នៃស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដែលរងគ្រោះកាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ ដែលពិធីនេះដែលរៀបចំឡើង នៅបរិវេណវត្តគីរីសង្វាពេជ្រ ហៅវត្តភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត និងបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាក បានទាន់ពេលវេលានិង ស្របតាមទិសស្លោក " កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល " ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបានបន្តអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាក់ស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយ សូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ ជាមួយគ្នាឯកឧត្តមបានអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតផងដែរ ។
ឯកឧត្តម បានគូសបញ្ជាក់ថា៖ រយៈពេល៥ខែ ឆ្នាំ២០២៣ នេះខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់បណ្តាលអោយខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋសរុប ២,២០៨គ្រួសារ (ខ្នងផ្ទះ) ក្នុងឃុំសង្កាត់ចំនួន៩៦និង៤១១ភូមិលើកក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបង ។
គ្រួសាររងគ្រោះខាងលើតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះមូលដ្ខានក្រុងស្រុកព្រមតាំងសប្បុរសជនផងដែរ។
ឯកឧត្តមបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈពេលដែលក្រសួងធនធានទឹកនិងឧតុនិយមតែងតែជូនដំណឹងជាបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះធម្មជាតិនេះផងដែរ ៕
ឯកឧត្តមសុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុងចំនួន១៦គ្រួសារ បានបន្ថែមសំពត់តង១ និងឃីត១កញ្ចប់(និង ភួយ ក្រមា សារុង)ផងដែរ ។

Related Posts