រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ឯកឧត្តម សុខ លូ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកសង្កែ ចំនួន៥០គ្រួសារ

នៅរសៀលថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥០គ្រួសារមកពីភូមិចំនួន១៧លើ ឃុំចំនួន៨នៃស្រុកសង្កែ ក្នុងនោះគ្រួសារ(រលំទាំងស្រុង៤ខ្នង និងរបើកដំបូល៤៦ខ្នង) ដែលរងគ្រោះកាលពីរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ដែលពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ នេះប្រារព្ធនៅភូមិស្វាយជ្រុំ ឃុំអូដំបង២ ស្រុកសង្កែ ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ បើទោះបីសម្ដេចមិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែងដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការរងគ្រោះ ។
ឯកឧត្តម បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ ឯកឧត្តមក៏បានបន្តថា អំណោយដែលបានផ្ដល់ជូននេះនឹងអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ដោយឡែកគ្រួសាររលំទាំងស្រុងបន្ថែម មុង១ និងសំពត់តង១ផងដែរ ៕

Related Posts