នៅព្រឹកថ្ងៃសៅរ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបាត់ដំបង បានទទួលអំណោយពីសប្បុរជនលោក GU CHUNYAO និង លោក HE YUNLU តំណាងក្រុមហ៊ុន ចិន«ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» (ZHENGHAINA INDUSTRY Co.,ltd) នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោក ម៉ម ដារ៉េត និងលោក អ៊ុយរី សេរីវឌ្ឍន៍ ជាដែលអ្នកសម្របសម្រួល ផ្តល់នៅសាប៊ូ ៣ ពាន់ដុំ ទឹកថ្នាំ បាញ់សម្លាប់មេរោគ ២ តោន ម៉ាស៊ីនចំនួន ៣គ្រឿង ជូនដល់គណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ ខេត្តបាត់ដំបង នៅក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង លោកនាយករងរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
លោក សឿម ប៊ុនរិទ្ធិ ជំនួសមុខ ឱ្យ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនចិន ដែលបានផ្តល់សាប៊ូ និងសម្ភារៈមួយចំនួនជូនដល់គណៈកម្មការប្រយុទ្ធកូវីដ ១៩ និងបានផ្តល់ដោយផ្សេងទៅស្រុកមួយចំនួន ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបង្ហាញអំពីទឹកចិត្តរបស់សប្បុរសជន បើទោះជាយើងជាប្រទេសពីរផ្សេងគ្នា ប៉ុន្តែនៅពេលដែលយើងមានការរីករាលដាលជាសាកលនូវជម្ងឺកូវីដ ១៩ នេះ យើងបានធ្វើការសហការណ៍គ្នាដូចគ្រួសារតែមួយផងដែរ ។
លោកអភិបាលរងខេត្ត បានបន្តទៀតថា បើទោះជាប្រទេសកម្ពុជា បានធ្វើការព្យាបាលជាសះស្បើយជាបន្តបន្ទាប់មែន ប៉ុន្តែយោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់មិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដោយសារនៅក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានប្រទេសជាច្រើនកំពុងការរីករាលដាលផងដែរ។
នេះជា លើកទី៣ ហើយដែលក្រុមហ៊ុនចិន បានជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដោយ ២ លើក បានពិភាក្សាការវិនិយោគរបស់ក្រុមហ៊ុន និង ១ លើកទៀត បាននាំយកសម្ភារៈសម្រាប់ការការពារជម្ងឺកូវីដ ១៩ ជូនដល់គណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ ខេត្តនាថ្ងៃនេះ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» (ZHENGHAINA INDUSTRY Co.,ltd) នៃទីក្រុងសៀងហៃ បានផ្តោតសំខាន់ទៅលើអនាម័យបរិស្ថាន និងមានគម្រោងចង់វិនិយោគប្រមូលសំរាម ការកែច្នៃសំរាម និងការបំលែងសម្រាមទៅជាថាមពលអគ្គិសនី។
ឆ្លៀងក្នុងឱកាសនោះដែរ លោក សឿម ប៊ុនរិទ្ធិ បានប្រគល់នូវវត្ថុអនុស្សាវរីយ៍(ក្រម៉ា) និងលិខិតថ្លៃងអំណរគុណរបស់រដ្ឋបាលខេត្តបាត់ដំបង ជូនដល់ក្រុមការងារក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» (ZHENGHAINA INDUSTRY Co.,ltd)ផងដែរ៕