នៅថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងមន្ទីរជំនាញ ព្រមទាំងមន្ត្រីសំខាន់ៗពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលមានទីតាំងស្ថិតនៅភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
បើយោងតាមតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ឃ្យឺយ៉ុង ខនស្រ្តាក់សិន អ៊ីនដាសស្រៀល បានឲ្យដឹងថា គម្រោងស្ទាក់ទឹកដូនទ្រី ដែលមានឈ្មោះគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី គ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ហើយទំនប់ដូនទ្រីនេះអាចស្ទាក់ទឹកបានរហូតដល់ ១៧៧ លានម៉ែត្រគូស និងអាចស្រោចស្រពផ្ទៃដីបានចំនួន ២ ម៉ឺនហិចតា និងអាចជួយកាត់បន្ថយទឹកជំនន់បានរហូតទៅដល់ ៣៥%ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រួមជាមួយគណៈប្រតិភូបានបន្តដំណើរពិនិត្យវិទ្យាល័យរុក្ខគិរិ ដែលកំពុងសាងសង់អគារសិក្សាថ្មី ចំនួន ១ ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានសំណេះសំណាលជាមួយក្រុមគ្រួពេទ្យចត្តាឡីស័កថ្នាក់ស្រុក ដែលកំពុងប្រចាំការនៅវិទ្យាល័យរុក្ខគិរី និងបានឧបត្ថម្ភថវិកា ចំនួន ៥០ ម៉ឺនរៀល ជូនដល់ក្រុមគ្រូពេទ្យផងដែរ ៕