នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ លោក អភិបាល អភិបាលរងស្រុក និងមន្ត្រីសំខាន់ៗជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុកបងប្អូនពលករដែលទើបត្រឡប់មកពីតាមខ្នងផ្ទះ ចំនួន ៥ គ្រួសារ ដែលស្ម័គ្រចិត្តដាក់ខ្លួនឯងដាច់ដោយឡែកនៅផ្ទះរយៈពេល ១៤ ថ្ងៃ នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ បានធ្វើកោតសសើរចំពោះបងប្អូនប្រជាពលករ ដែលវិលត្រឡប់ពីប្រទេសថៃ ដោយធ្វើការដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះដោយខ្លួនឯងរយៈពេល ១៤ថ្ងៃ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមការការពារការឆ្លងជំងឺកូវីដ ១៩ ដល់បងប្អូន មិត្តភ័ក្រ្ត ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋានរបស់ខ្លួនផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំបន្ថែមអំពីការថែទាំសុខភាព និងអនាម័យខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃដោយសាប៊ូ ឬអាល់កុល និងត្រូវរក្សាគម្លាតពីសមាជិកគ្រួសារយ៉ាងតិច ២ ម៉ែត្ររាល់ការនិយាយគ្នា និងត្រូវពាក់ម៉ាសការពារផងដែរ។
ក្នុងពិធីចុះសំណេះសំណាល និងចុះសួរសុខទុកនេះដែរ ឯកឧត្តម ក៏បានផ្តល់ជូនដល់គ្រួសារប្រជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៥ គ្រួសារ រួមមាន៖អង្ករ ១ ការ៉ុង ស្មើនឹង ៥០ គីឡូក្រាម មី ចំនួន ១ កេស និងទឹកត្រី ១ យួរ ទឹកស៊ីអ៊ី ១ យួរ ៕