រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំប្រជុំពិភាក្សាអំពីសំណង់អត់ច្បាប់សាងសង់នៅលើដីចំណីស្ទឹង និងចំណីផ្លូវ ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង

  • 1.7ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវចឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សា សំណង់អត់ច្បាប់មួយកន្លែង ដែលបានសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ (ដីចំណីស្ទឹង និងចំណីផ្លូវ) ស្ថិតនៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកនាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលស្រុកសង្កែ និងអ្នកពាក់ព័ន្ទមួយចំនួនទៀត ។

លោក សឿម ប៊ុនរិទ្ធិ បានអនុញ្ញាតឱ្យប្រធាន អនុប្រធានមន្ទីរជំនាញលើកឡើងអំពីលក្ខណៈបច្ចេកទេស និងអំពីច្បាប់មួយចំនួនពាក់ព័ន្ធទៅនឹងសំណង់អត់ច្បាប់ ដែលបានធ្វើសាងសង់រំលោភលើដីចំណីស្ទឹង និងចំណីផ្លូវ ដើម្បីសាងសង់ជាអាងស្តុបទឹក។

លោក អ៊ូរ ដាវី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បានលើកឡើងថា សំណង់អាងស្តុកទឹកនេះមិនមានច្បាប់អនុញ្ញាតឲ្យសាងសង់ ម្យ៉ាងវិញទៀតបានសាងសង់នៅដីសាធារណៈរបស់រដ្ឋ ដែលរំលោភលើដីចំណីស្ទឹង និងចំណីផ្លូវផងដែរ ហើយប្រសិនបើក្រុមហ៊ុនចង់ធ្វើការសាងសង់ និងវិនិយោគ គួររៀបចំបែបបទស្នើសុំច្បាប់វិនិយោគពីរាជរដ្ឋាភិបាលផងដែរ។

លោក តេង គឹមស៊ាន នាយកស្តីទីទីចាត់ការអន្តរវិស័យបានលើកឡើងថា ចំពោះសំណង់នេះជាសំណង់មួយដែលសាងសង់ឡើងអត់មានច្បាប់ និងបានសាងសង់លើដីចំណីស្ទឹង និងចំណីផ្លូវ បើតាមគោលការណ៍ច្បាប់មិនអាចធ្វើការសាងសង់បាននោះទេ ដោយមានច្បាប់ស្តីការការគ្រប់គ្រងដីចំណីផ្លូវ និងដីចំណីស្ទឹង ហើយប្រសិនបើយើងមានការសម្របសម្រួលណាមួយវិញនោះ នឹងមានការជះឥទ្ធិពលអាក្រក់ និងជាគំរូរមិនល្អដល់អ្នកដ៏ទៃ ម្យ៉ាងវិញទៀតម្ចាស់សំណង់បានទទួលស្គាល់ថា ដីនោះជាដីគ្មានកម្មសិទ្ធិទៅហើយ ហេតុអ្វីនៅតែបន្តការសាងសង់ទៀត?

លោក សឿម ប៊ុនរិទ្ធិ បានថ្លែងអំណរគុណដល់មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ដែលបានលើកជាមតិយោបល់មួយចំនួនពាក់ព័ន្ធនិងសំណង់គ្មានច្បាប់អនុញ្ញាត្តិ ហើយបានសាងសង់នៅលើដីសាធារណៈរបស់រដ្ឋ ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា កិច្ចប្រជុំថ្ងៃនេះក្រុមការងារ និងធ្វើរបាយការណ៍ កំណត់ហេតុជាក់លាក់ រាយការណ៍ និងស្នើសុំយោបល់ពីឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេច ឬរៀបចំកិច្ចប្រជុំមួយទៀត ដើម្បីអញ្ជើញភាគីម្ចាស់សំណង់ និងមន្ទីអង្គភាពពាក់ព័ន្ទនានា ដើម្បីស្តាប់ និងសម្រេចជាចុងក្រោយផងដែរ។

សូមជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក បានចុះពិនិត្យហាមឃាត់ការសាងសង់ជាច្រើនដងរួចមកហើយ ប៉ុន្តែភាគីម្ចាស់សំណង់ នៅតែលួចបន្តការសាងសងជាបន្តបន្ទាប់ ទើបមានការឈប់ដល់ការហូតសម្ភារៈប្រើប្រាស់ក្នុងសាងសង់មួយចំនួនផងដែរ៕

អត្ថបទទាក់ទង