នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត រួមជាម ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំកម្លាំងប្រតិបត្តិការសឹករងខេត្ត ចំនួន ៩៥នាក់ ចុះជួយរៀបចំ បោសសំអាត និងកាត់មែកឈើតាមបណ្តោយសួនច្បារផ្លូវលេខ១ ដែលបាក់ដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងផ្លូវភ្លោះសួនច្បារសេះស ដែលមានការចូលរួមពីលោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង ។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ៦ មានបាតុភូតខ្យល់កន្ត្រាក់ លាយឡំ និងព្យុះភ្លៀងមួយមេយ៉ាងខ្លាំង បានធ្វើការបោកបក់មកលើទីប្រជុំជន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបណ្តាលឲ្យដើមឈើនៅតាមសួនច្បារមាត់ស្ទឹងសង្កែ(ផ្លូវលេខ១)ត្រើយខាងលិចចាប់ពីស្ពានថ្មសោហឺរហូតដល់សាលាខេត្តបាត់ដំបង បានបាក់ដួលរលំដើមគគីរ នៅតាមសួនច្បារមាត់ស្ទឹង ជាច្រើនកន្លែង ច្រើនដើម តាមសួនផ្សាររាត្រីម្តុំផ្សារតូបលក់ដូរពេលយប់នៅទីនោះ ត្រូវកម្លាំងខ្យល់ព្យុះខ្យល់កន្ត្រាក់បោកបក់បំផ្លាញរាបដល់ដី។
ហេតុការណ៍ដ៌អាក្រក់ពីខ្យល់ព្យុះ ខ្យល់កន្ត្រាក់ខ្យល់កំបុតត្បូង កើតឡើងនេះ ក្នុងខណៈដែលទីក្រុងបាត់ដំបង ខេត្តបាត់ដំបង ហាក់ដូចទទួលរងយ៉ាងធ្ងន់ធ្ងរ ពីខ្យល់ព្យុះខ្យល់កន្ត្រាក់មួយនេះ ដែលបានកើតឡើងតែក្នុងរយៈពេលប្រមាណជាកន្លះម៉ោងតែប៉ុណ្ណោះ។វាបានបង្កនូវមហន្តរាយយ៉ាងដំណំ ជាពិសេស ដើមឈើនៅតាមដងផ្លូវ និងសួនច្បារមាត់ស្ទឹងសង្កែ នៃខេត្តបាត់ដំបង ៕