នៅព្រឹកថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន និងមានចូលរួមពីអភិបាលរងខេត្តត្បូងឃ្មុំ អភិបាលរងខេត្តស្វាយរៀង និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបផងដែរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រមាណជាង ២០០ នាក់ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពលករ ព្រមទាំងបានផ្សព្វផ្សាយវិធានការការពារការឆ្លងមេរោគកូវីដ១៩ ដោយបានធ្វើការពិនិត្យសុខភាព និងសាកសួរព័ត៌មានមួយចំនួន ដើម្បីងាយស្រួយក្នុងការតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលវិញត្រឡប់ទៅមូលដ្ឋាន ឬគេហដ្ឋានវិញផងដែរ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានបន្តទៀតថា នៅពេលនេះម្នាក់ៗ សុទ្ធតែមិនទុកចិត្តខ្លួនឯង ជាពិសេសក្រុមលោកគ្រូពេទ្យ ដែលមានកាតព្វកិច្ចក្នុងការពិនិត្យបងប្អូនដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ដែលមានការប្រឈមជាងគេផងដែរ ដូច្នេះពួកគាត់ត្រូវធ្វើការយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីជៀសវាងការឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ដូចអ្វីដែលយើងបានធ្វើនាថ្ងៃនេះ ដោយធ្វើការតាមដានសុខភាពបងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាំងពីចូលមក រហូតដល់មូលដ្ឋាន ពីព្រោះថាមេរោគកូវីដ ១៩ មិនអាចមើលឃើញថាតើនណាមានផ្ទុកមេរោគនេះ ឬក៏អត់នោះទេ? ហើយប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួន ឬក្អក ផ្តាសាយ ត្រូវប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ឯកឧត្តម ងួន រតនៈ ផ្ញើសាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកវិញ ត្រូវសរសេរអក្សបិទនៅពីមុខផ្ទះរបស់ខ្លួនថា « គ្រួសារខ្ញុំទើបត្រឡប់មកពីប្រទេសថៃ» ដើម្បីងាយស្រួលឱ្យក្រុមគ្រូពេទ្យចុះអប់រំតាមខ្នងផ្ទះ អំពីវិធានការការពារការឆ្លងមេរោគកូវី១៩ ផងដែរ។
នៅក្នុងពិធីសំណេះសំណាលនេះក៏មានអាជ្ញាធរខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ដែលបានមកត្រៀមទទួលពលករដែលបានវិញត្រឡប់ពីប្រទេសថៃ ទៅខេត្តរបស់ខ្លួនវិញ។
សូមបញ្ជាក់បន្ថែមទៀតថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បាននាំអាល់កុល ម៉ាស់ ជេលលាងដៃ ព្រមទាំងម៉ាស៊ីនវាស់កំដៅ ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារប្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕