រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺវីរុសប្រភេទថ្មី(COVID-19) នៅខេត្តបាត់ដំបង ។

  • 1.0ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺ(COVID-19) ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតជម្ងឺវីរុសប្រភេទថ្មី(COVID-19) នៅសាលាខេត្តបាត់ដំបង ។

កិច្ចប្រជុំគណ:កម្មការនេះបានធ្វើឡើង មានការអញ្ជើញចូលរួម ពីអស់លោកអភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពរដ្ឋ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ ។

ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជារបស់យើងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៦នាក់ នៅតាមបណ្ដារាជធានី-ខេត្ត ដោយឡែកខេត្តបាត់ដំបងមានចំនួន៨នាក់ ហើយ បើទោះបីជាខេត្តមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ច្រើនមែន ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសនោះដែរ គឺត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ដោយរដ្ឋបាលខេត្ត គឺនៅតែបន្ត និងអនុវត្តឲ្យកាន់តែសកម្មថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់
តែទូលំទូលាយ និងផុលផុសជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត នូវវិធានការបង្ការ វិធានការអនាម័យ និងវិធានការដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើននិងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដា អង្គភាពរដ្ឋ ឯកជន និងរោងចក្រសហគ្រាសទាំងអស់នៅក្នុងខេត្ត ។

ឯកឧត្តម អភិបាលខេត្តបន្ថែមទៀតថា ចំពោះចំណាយការហូបចុក ស្នាក់នៅរដ្ឋបាលខេត្តជាអ្ននទទួលខុសត្រូវ ឯឧបករណ៍បច្ចេកទេសមន្រ្តីជំនាញមន្ទីរពេទ្យជាអ្នកទទួលព្យាបាល។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឬ ប្រទេសផ្សេងទៀត ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់គណៈកម្មការខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ ។

ឯកឧត្តម បានបន្តទៀតថា ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺវីរុសប្រភេទថ្មី(COVID-19) រដ្ឋបាលខេត្តបានត្រៀមបម្រុងទីតាំងទុក សម្រាប់ទទួលពិគ្រោះ និងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង( កូវីដ-១៩) និងបងប្អូនដែសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត"ជម្ងឺឆ្លងកូវីដ-១៩ មាននៅតាមមន្ទីរពេទ្យខេត្ត ជូលសណ្ឋាគារ និងសាលារៀន ទៅតាមដំណាក់កាលនីមួយៗ ។

អត្ថបទទាក់ទង