ព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័គ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និង កំណត់យកទីតាំងសាលារៀន "វិទ្យាល័យព្រះមុនីវង្ស" ដើម្បីរៀបចំ និងត្រៀមបង្ការទុកជាមុនដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត និងមកពិគ្រោះទទួលការពិនិត្យនិងការការពារ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាត ឆ្លងជម្ងឺកូវីដ-១៩ ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុកទីតាំងដោយកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្សនេះ គឺក្នុងគោលបំណង ដើម្បីមានវិធានការចាំបាច់ត្រៀមទុកជាមុនដើម្បីកំណត់យកទីតាំងជាក់លាក់ក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតពីជម្ងឺផ្លូវដង្ហើម(កូវីដ-១៩ ជាជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារខាងលិចជាប់របង និងរៀបចំចំនួនបន្ទប់ផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀមបំរុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង( កូវីដ-19) និងបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត "ជម្ងឺឆ្លងកូវីដ-19"ដោយនៅទីនោះ មានការថែទាំនិងការផ្តល់សេវាពិគ្រោះនិងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការនៅទីនះ។