នៅព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូអមដំណើរ នាំយកអំណោយ លោកជំទាវ ញ៉ែម សាខន ស ខេង តាមរយៈក្រុមអ្នកម្តាយមនុស្សធម៌ បាត់ដំបង ចែកជូនដល់សិស្សានុសិស្ស នៅសាលាបឋសិក្សាព្រះផុស ដែលមានការអញ្ជើញ ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម លោក ប្រធានមន្ទីរ អនុប្រធាន លោកជំទាវ ដែលជាក្រុមអ្នកម្តាយ លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ។
បន្ទាប់ពីលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ឡើងធ្វើរបាយការណ៍ស្វាគមន៍រួចមក និងលោកស្រី ស ផាណា តំណាងឲ្យក្រុមអ្នកម្តាយខេត្តបាត់ដំបងបានឡើងរាយការណ៍សង្ខេបដោយបានបញ្ជាក់ថា ក្រុមអ្នកម្តាយ នេះដែលមាន លោកជំទាវ ញ៉ែម សាខន ស ខេង ជាប្រធានកិត្តិយស និងឯកឧត្តម អភិបាលខេត្តជាប្រធានកិត្តិយសខេត្តបាត់ដំបង។
ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបានថ្លែអំណរគុណដល់សប្បុរសជន ដែលចូលរួមចំណែកជួយដល់វិស័យអប់រំ ជាពិសេសបានចូលរួមនិងបានស្ថាបនិកក្រុមក្រុមអ្នកម្តាយមនុស្សធម៌នេះឡើងសម្រាប់ជួយដល់សិស្សានុសិស្សក្រីក្រខ្លាំងនិងសិស្សទូទៅក្នុងខេត្តយើងនេះផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ចូលរួមត្រួតពិនិត្យនិងអប់រំដល់សិស្សពីរក្សាអនាម័យល្អ ការលក់និងទិញចំណីអាហារ ត្រូវមានអនាម័យល្អ ព្រមទាំងទឹកបរិសុទ្ធដបជ័រថាជាទឹកស្អាតនោះ តែដាក់ហាលក្តៅវាអាចទៅជាទឹកមិនស្អាតវិញដោយសារចេញជ័រពីសំបកដបជ័រនោះ។
ឯកឧត្តមបានបន្តថា ក៏បានផ្សព្វផ្សាយអំពីស្ថានភាពជម្ងឺ Covid19 កំពុងវាយលុកលើពិភពលោក បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរស់នៅស្អាត ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាកុល ដើម្បីការពារអំពីការឆ្លង Virus Covid19 ផងដែរ។
នាក្នុងឱកាសនោះដែរ គណ:អធិបតីនិងសប្បុរសជនបានចែកអំណោយដល់សិស្សទាំង៥១២ នាក់ ក្នុងនោះសិស្សក្រីក្រ១៥០នាក់ម្នាក់ៗទទួលបាន កង់១ កាបូប១ សៀវភៅ៥ក្បាល សម្លៀកបំពាក់១កំប្លេ និងថវិកា ៥ពាន់រៀល ។ ឯងសិស្ស៣៦២នាក់ទៀត ម្នាក់ៗទទួលបាន កាបូប១ សៀវភៅ៥ក្បាល សម្លៀកបំបំពាក់១កំប្លេមនិងថវិកា៥ពាន់រៀលលោកគ្រូ អ្នកគ្រូ១៥នាក់ ប្រជាការពារ ១៥ នាក់ ម្នាក់ៗទទួលបានក្រមា១ ថវិកា៤ម៉ឺនរៀល ។
សូមជម្រាបបញ្ជាក់បន្ថែមទៀតថា ការអំណោយនេះធ្វើសាលាបឋមសិក្សាព្រះផុស ស្ថិតនៅភូមិព្រៃផ្តៅ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។