នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២,៣០០នាក់ ដែលក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។ ពិធីសំណេះសំណាលនេះគឺធ្វើឡើងស្របពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យទន្លេ លើកទី៦ ដែលប្រារព្ធធ្វើនៅខេត្តបាត់ដំបង ចាប់ពីល្ងាចថ្ងៃទី ១៤-១៥ ខែ មីនា ល្ងាចថ្ងៃសៅរ៍នេះ។
ជាការចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយដែលបានអញ្ជើញវិលត្រឡប់មកកាន់ខេត្តបាត់ដំបង ដើម្បីអញ្ជើញចូលរួមបុណ្យទន្លេ ហើយបានឆ្លៀតពេលមកជួបសំណេះសំណាលជាមួយ បងប្អូននៅទីនេះ។ សម្ដេចតេជោ បានលើកឡើងពីប្រវត្តិខ្លះៗនៃខេត្តបាត់ដំបងដែលជាអតីតទីតាំងសមរភូមិដ៏ក្តៅ តែដោយសារនយោបាយឈ្នះ-ឈ្នះ គឺបានធ្វើអោយខេត្តមួយនេះទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។
សម្ដេចតេជោ បានលើកឡើងថា មកដល់ពេលនេះ អ្វីដែលយើងបង្កើតឡើងគឺសន្តិភាព និង ឯកភាពជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ សន្តិភាពលើដែនដីដែលធ្លាប់មានសង្គ្រាម ហើយក៏បានប្រែក្លាយទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងរីកចម្រើន។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអរគុណ និងកោតសរសើរ ដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំធ្វើអោយបាត់ដំបងទទួលបានការរីកចម្រើន សម្រេចបានសមិទ្ធផលធំៗ ដែលគឺជាការខិតខំទាំងមន្ត្រីនៅមូលដ្ឋាន និងមន្ត្រីចុះជួយពង្រឹងដែលដឹកនាំដោយសម្ដេចក្រឡាហោម ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានមានប្រសាន៍ជម្រាបអំពីស្ថានភាពជម្ងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានប្រកាសថាអឺរ៉ុបការគឺជាមជ្ឈមណ្ឌលនៃការផ្ទុះជំងឺឆ្លងកូវីដ១៩ ហើយស្ថានភាពនៃកូវីដ១៩នេះ បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយមិនមែនត្រឹមតែការប៉ះពាល់សេដ្ឋកិច្ចទេ គឺធ្វើអោយប៉ះពាល់ដល់គម្លាតនយោបាយរវាងប្រទេស និងប្រទេសទៀតផង ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ពីប្រទេសដែលកំពុងមានជំងឺឆ្លងដ៏គំហុគនេះ ក្រសួងសុខាភិបាលកម្ពុជាបានដាក់ការហាមឃាត់ប្រទេសចំនួន០៥មិនអោយឆ្លងចូលកម្ពុជាចំនួន៣០ថ្ងៃគិតចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ គឺរួមមាន ១)សហរដ្ឋអាមេរិក ២)បារាំង ៣)អាល្លឺម៉ង់ ៤)អេស្ប៉ាញ និងអ៊ី៥)ប្រទេសអ៊ីតាលី ។
ក្នុងពេលនោះដែរ សម្ដេចតេជោ បានលើកឡើងពីការគាំទ្ររបស់មិត្តចិនដល់កម្ពុជាក្នុងស្ថានភាពដ៏លំបាកនេះ ដែលមកដល់ពេលនេះមានកុងតឺណ័រជាង ១០០០ ដែលផ្ទុកវត្ថុធាតុដើមបានចូលមកផ្គត់ផ្គង់រោងចក្រនៅកម្ពុជាហើយ។
នៅក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្ត្រីខេត្តដែលត្រូវយកចិត្តទុកដាក់ធ្វើរួមមាន ៖
១)⁃ត្រូវអនុវត្តអោយបានល្អនូវការងារ ភូមិឃុំមានសុវត្ថិភាព និងត្រូវគ្រប់គ្រងកុំអោយមានក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ។ល។ សូមអោយមន្ត្រីថ្នាក់ខេត្តរហូតថ្នាក់ភូមិ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។
២) ⁃ត្រូវរួមគ្នាផ្ដល់សេវាសាធារណៈអោយបានល្អជូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចការត្រូវតែធ្វើអោយបានល្អ ដោយចៀសមិនបាន ដែលក្នុងនេះមានសេវាចាំបាច់នានា(រួមមានការចុះបញ្ជីជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និងសេវាសុខភិបាលជាដើម)ដែលចាំបាច់ត្រូវតែធ្វើអោយប្រជាជន អោយបានល្អ និងរហ័សរួមទាំងសេវាតម្រូវការចាំបាច់នានា ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងសេវាផ្នែកច្បាប់ ជាដើម.. គឺត្រូវចូលរួមផ្តល់ និងដោះស្រាយជូនប្រជាជនទៅតាមលទ្ធភាព។ សម្ដេចតេជោ ក៏បានណែនាំអោយអាជ្ញាធរយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លី អោយបានសមស្រប បានលឿន និងមានប្រសិទ្ធភាពខ្ពស់។
៣) សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ៗផងដែរថាមន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រចាំថា “ យើងមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយត្រូវយកយកចិត្តទុកដាក់បម្រើប្រជាជនអោយបានល្អ៕ ប្រភពអត្ថបទ pages សម្តេច