រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងរៀបចំបន្ទប់ទឹកចល័តសាធារណៈជាច្រើនកន្លែងក្នុងឱកាសពិធីបុណ្យទន្លេលើកទី៦ ដើម្បីជៀវាងបន្ទោបង់ពាសវាលពាសកាល

  • 1.1ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដោយមានការណែនាំនឹងចង្អុលបង្ហាញពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំចាត់ចែងកំណត់ទីតាំងដាក់បន្ទប់ទឹកចល័តសាធារណៈទុកជូនបងប្អូនប្រជាពលរដ្ឋមកដើរកំសាន្តក្នុងឱកាសពិធីបុណ្យទន្លេលើកទី៦ ក្នុងខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានពាណិជ្ជកម្មខេត្ត លោកអភិបាលរងក្រុង និងតំណាងក្រុមហ៊ុនមួយចំនួនផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះ លោក សឿម ប៊ុនរិទ្ធិ បានណែនាំដល់អ្នកពាក់ព័ន្ធត្រូវធ្វើការរៀបចំបន្ទប់ទឹកចល័តនៅគ្រប់ទីតាំងដែលមានការតាំងពិព័ណ៌ និងកន្លែងប្រគុំតន្ត្រីផងដែរ ដោយមានការបែងចែកបន្ទប់ស្រី និងបន្ទប់ទឹកសម្រាប់មនុស្សប្រុស ម្យ៉ាងវិញទៀតលោកបានកំណត់នូវទីតាំងមួយចំនួនសម្រាប់ដាក់បន្ទប់ទឹក ដើម្បីងាយឱ្យបងប្អូនប្រជាបលរដ្ឋអាចចូលបន្ទប់ទឹក និងជៀវាងការបន្ទោបង់ពាសវាលពាសកាល ដែលបណ្តាលឱ្យខូចអនាម័យបរិស្ថានផងដែរ។

លោក សឿម ប៊ុនរិទ្ធិ ក៏បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ត្រូវធ្វើការពិភាក្សាជាមួយក្រុមហ៊ុនប្រមូលសំរាម ត្រូវអនុវត្តឱ្យទៀងទាន់ក្នុងប្រមូលសំរាម នៅរៀងរាល់ម៉ោង១២ យប់ ក្រោយពេលចប់ពិធីបុណ្យរៀងរាល់ថ្ងៃនីមួយៗ និងណែនាំដល់ក្រុមហ៊ុន​ ស្តង់ពិព័ណ៌ និងបងប្អូនប្រជាពលរដ្ឋចូលរួមវិចខ្ចប់ទុកដាក់សំរាមឱ្យបានល្អ ដើម្បីងាយក្នុងការប្រមូល។

សូមបញ្ជាក់បន្ថែមទៀតថា៖ ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ហើយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះ៕

អត្ថបទទាក់ទង