នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងឯកឧត្តម ងួន រតនៈអភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបការងារគ្រប់គ្រងគ្រោះមហន្ដរាយឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពរដ្ឋនានា កងកម្លាំង អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ចូលរួមជាច្រើននាក់ផងដែរ។
បន្ទាប់ពីមតិស្វាគមន៍និងអានរបាយការណ៍បូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអំណានរបាយការណ៍បូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនខេត្តឆ្នាំ២០១៩និងទិសដៅការងារអនុវត្តឆ្នាំ២០២០ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច ប្រធានសមាគមអតីតយុទ្ធជនខេត្តរួចមក។
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមចូលរួមមតិពាក់ព័ន្ធនឹងការងារបច្ចេកទេសធនធានទឹក ដើម្បីផ្តល់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ទាក់ទងនឹងប្រជាពលរដ្ឋបានចោះប្រឡាយបង្ហូរទឹកខុសបច្ចេកទេស ការចោះប្រឡាយដោយខ្លួនឯង របស់បុគ្គលផ្ទាល់ខ្លួនកន្លងមកដោយគ្មានការអនុញ្ញាតិនោះគឺអ្នកដែលមានដីច្រើនរាប់រយហិកតា មិនមែនកសិករមានដី២ទៅ៣ហិកតានោះទេ ។ សូមប្រជាកសិករទាំងឡាយណាបើចង់ចោះប្រឡាយ សូមអញ្ជើញមកដាក់ពាក្យស្នើសុំមន្ទីរជំនាញជាមុនសិន រួចមន្ទីរជំនាញនឹងអនុញ្ញាតិឲ្យចោះទៅតាមលក្ខណៈបច្ចេកទេសជៀសវាងមានការខូចខាតប្រយោជន៍រួម បាត់បង់អស់ថវិកាជាតិជាច្រើនសម្រាប់ជួសជុលវិញ។
នៅក្នុងកិច្ចប្រជុំបូកសរុបនេះក៏មានអង្គការក្រៅរដ្ឋាភិបាលជាដៃគូអភិវឌ្ឍន៍ជាច្រើនបានចូលរួមមតិ ពីការចូលរួមអភិវឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលបានលទ្ធផលល្អជាច្រើនកន្លងមក ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា យើងបាននាំគ្នាចូលរួមសស្រាយបញ្ហាដីធ្លីជូនអតីតយុទ្ធជននៅតាមមូលដ្ឋានជាក់ស្តែង ដោយបានជួយធ្វើផ្ទះ ដីធ្លីជាដើម ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តទៀតថា ការចុះសួរសុខទុក្ខ ដល់អតីតយុទ្ធជាប្រចាំដើម្បីលើកទឹកចិត្តពួកគាត់ ដោយឡែកសពអតីតយុទ្ធជនក៏ត្រូវយកចិត្តទុកដាក់ផងដែរ។
ឯកឧត្តម គន់ គីម បានណែនាំដល់ អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាចុះជួយអតីតយុទ្ធជនផងដែរ។
ក្នុងកិច្ចប្រជុំនេះ យើងមានតំណាងក្រសួងចំនួនពីរមកបំភ្លឺពីបច្ចេកទេស ដែលត្រូវជួយ គឺ១,ក្រសួងធនធានទឹកនិងឧតុនិយម ២,ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឡើងបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ បានជម្រះមន្ទិលនិងបានដឹងឮទាំងអស់គ្នាផងដែរ។
សូមប្រជាកសិករកុំធ្វើស្រែលើសកំណត់ ដែលគ្មានទឹកផ្គត់ផ្គង់ បើតំបន់អត់ទឹកយើងសុខចិត្តទុកទឹកសម្រាប់ផឹកនិងប្រើប្រាស់វាសំខាន់ជាង ហើយប្រសើរជាងយកទៅធ្វើស្រែដោយអត់មានទឹកគ្រប់គ្រាន់នោះឡើយ។ ក្រសួងទាំងពីរនេះត្រូវមានកិច្ចសហការគ្នាដោយខានមិនបានដែលកសិករត្រូវការឲ្យជួយជាបច្ចេកទេសនិងសង្រ្គោះបន្ទាន់បានទាន់ពេលវេលាផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានអង្វរករដល់ប្រជាកសិករធ្វើអ្វីៗត្រូវធ្វើទៅតាមការអនុញ្ញាតិតាមបច្ចេកទេសរបស់មន្ទីរជំនាញឲ្យបានត្រឹមត្រូវ ទើបកិច្ចការនេះមានតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជា បានប្រឈម និងហានិភ័យអាកាសធាតុ ជាបន្តបន្ទាប់បណ្តាលឲ្យមានគ្រោះរាំងស្ងួត និងខ្វះខាតទឹក សម្រាប់ជីវភាពប្រចាំថ្ងៃ ចាប់ពីខែកុម្ភៈ ទៅដល់ដើមខែឧសភា នៅតាមបណ្ដាខេត្តមួយចំនួន មានកោះកុង បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ឆ្នាំង មណ្ឌលគិរិ ព្រៃវែង ខេត្តព្រះសីហនុ និងកំពត៕