នៅរសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផ្ទះស្នាក់ទីក្រុង សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ នៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងទេសចរណ៍ លោកអភិបាលរងក្រុងបាត់ដំបង អនុប្រធានមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរទេសចរណ៍ខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក តំណាងក្រសួងទេសចរណ៍បានឱ្យដឹងថា ដោយមានការព្យាករណ៍ថានឹងមានភ្ញៀវជាតិ និងអន្តរជាតិច្រើនមកកំសាន្តក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ដូច្នេះតម្រូវឱ្យរដ្ឋបាលខេត្តត្រូវរៀបចំផ្ទះស្នាក់នៅទីក្រុង ដើម្បីសម្រាប់ជួលជូនភ្ញៀវដែលបានមកកំសាន្តក្នុងពិធីបុណ្យទន្លេឆាប់នេះ ។
តំណាងក្រសួងទេសចរណ៍បានបន្តទៀតថា ក្នុងការរៀបចំផ្ទះស្នាក់ទីក្រុងត្រូវមានកន្លែងស្អាត របៀបរៀបរយៈល្អ បដិសណ្ឋាកិច្ចល្អ ហើយម្ចាស់ផ្ទះត្រូវសម្ភារៈមួយចំនួន ដូចជា ផួយ ខ្នើយ សាប៊ូ កង្កាត ឬម៉ាស៊ីនត្រជាក់ បន្ទប់ទឹក និងអនាម័យបរិស្ថាន និងអាហារពេលព្រឹកទៅតាមស្ថានភាពជាក់ទីតាំងនិមួយៗ ។
លោកបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងផ្ទះស្នាក់នៅក៏ត្រូវមានសេវាសង្គ្រោះបឋម និងត្រូវមានលេខទូរស័ព្ទមន្ទីរពេទ្យ ឬគ្លីនីក ដើម្បីជូនភ្ញៀវទេសចរណ៍ ដែលមានបញ្ហាសុខភាពក្នុងអំឡុពេលស្នាក់នៅ ហើយត្រូវរៀបចំការផ្សព្វផ្សាយឱ្យបានទូរទូលាយ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិងាយស្រួលក្នុងការស្វែងរកកន្លែងស្នាក់នៅផងដែរ ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ការរៀបចំបុណ្យទន្លេនេះ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិជាច្រើន ក្រុមការងាររៀបចំបុណ្យ បានធ្វើការរៀបចំផ្ទះស្នាក់ទីក្រុង ដើម្បីរៀបចំទទួលភ្ញៀវជាតិ និងអន្តរជាតិ និងបានណែនាំដល់មន្ទីរទេសចរណ៍ធ្វើការសហការណ៍ជាមួយបណ្តាមន្ទីរ អង្គភាព និងក្រុងបាត់ដំបង ដើម្បីស្រង់ទិន្នន័យបន្ទប់ស្នាក់នៅ តាមសមាគមន៍ និងទីតាំងមន្ទីរ អង្គភាពមួយចំនួនទៀត។
លោក សឿម ប៊ុនរិទ្ធិ បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រជុំផ្សព្វផ្សាយតាមបណ្តាផ្ទះជួលក្នុងក្រុងបាត់ដំបង ដែលនៅសល់បន្ទប់ ត្រូវរៀបចំទុកសម្រាប់ជួលស្នាក់នៅប្រចាំថ្ងៃវិញ ម្យ៉ាងវិញត្រូវរៀបចំបោះតង់ស្នាក់នៅទៅតាមទីតាំងជាក់ស្តែង ដូចជានៅមន្ទីរទេសចរណ៍ជាដើមផងដែរ ៕