រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំបុណ្យទន្លេលើកទី៦ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ។

នៅក្នុងកិច្ចនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ អភិបាលរងខេត្ត ឯកឧត្តមស្នងការនគរបាលខេត្ត ឯកឧត្តម បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំពិធីបុណ្យទន្លេ ដែលបានធ្វើការរៀបចំទីតាំងសម្រាប់រៀបចំស្តង់ដើម្បីដាក់តាំងពិព័ណ៌ផលិតផលក្នុងស្រុក ការរៀបចំមហាស្រពម្ហូបអាហារ និងវិថីម្ហូបអាហារ ការរៀបចំតុបតែកែលម្អតាមដងផ្លូវ និងសួនសាធារណៈព្រមទាំងរៀបចំក្លោងទ្វារច្រកចូលមកក្រុងបាត់ដំបង និងក្លោងទ្វារច្រកចូលតូចៗមួយចំនួនទៀតនៅតាមបណ្តាលផ្លូវសំខាន់ផងដែរ។

លោក អភិបាលរងខេត្តបន្តទៀតនៅក្នុងការប្រគុំតន្ត្រីចំនួន ៤ តាំងផ្សេងៗគ្នា ដើម្បីអបអរពិធីបុណ្យទន្លេ និងបានរៀបចំបង្គន់ចល័ត នៅជាច្រើនទីតាំងផ្សេងៗគ្នា និងបានរៀបចំផែនការសម្អាតបរិស្ថានរៀងរាល់យប់នៃថ្ងៃនីមួយៗ ដើម្បីធានាបានបរិស្ថាន អនាម័យស្អាតល្អ ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ចំពោះការរៀបចំបុណ្យទន្លេនេះ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីធ្វើការទាក់ទាញឱ្យមកកំសាន្តនៅរមណីដ្ឋាននានាក្នុងខេត្តបាត់ដំបង ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ចំពោះបញ្ហាអនាម័យបរិស្ថានទាមទារឱ្យមានការចូលរួមពីមហាជន ដូច្នេះរដ្ឋបាលខេត្តត្រូវការផ្សព្វផ្សាយអំពីបញ្ហាការទុកដាក់សំរាម និងត្រៀមកម្លាំងរបស់ សសយក យុវជនសន្តិភាព និងគ្រឹះស្ថានរដ្ឋ និងឯកជនចូលរួមធ្វើការសម្អាតបរិស្ថានទាំងអស់គ្នាផងដែរ។

ឯកឧត្តម ងួន រតនៈ បានលើកឡើងថា រដ្ឋបាលខេត្តសហការណ៍ជាមួយគណៈកម្មការអន្តរក្រសួងបានរៀបចំកម្មវិធីជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមកំសាន្ត ក្នុងពិធីបុណ្យទន្លេ។

សូមបញ្ជាក់បន្ថែមទៀតថា៖ ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ហើយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

អត្ថបទទាក់ទង