រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ សំណេះសំណោល និងប្រគល់ផ្ទះចំនួន ៣ បន្ថែមទៀតជូនគ្រួសារអតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

  • 2.4ពាន់
  • ដោយ Sotheavy

នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជន បានរៀបចំពិធីប្រគល់ផ្ទះចំនួន ៣ ខ្នងបន្ថែមទៀត ជូនដល់គ្រួសារអតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិធីប្រគល់ផ្ទះនេះ ធ្វើរួមនៅផ្ទះអតីតយុទ្ធជន ឈ្មោះ ប៊ុន ម៉ៅ ស្ថិតនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់បង

នៅក្នុងពិធីនេះដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម អភិបាលរងខេត្ត អភិបាលស្រុក គ្រួសារអតីតយុទ្ធ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានឱ្យដឹងថា នាថ្ងៃនេះសមាគមអតីតយុទ្ធជន បានធ្វើការចែកផ្ទះបានចំនួន១៥២ ខ្នង អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយនោះបានប្រគល់ជូនអតីតយុទ្ធជនចំនួន ០៣ខ្នង បន្ថែមទៀតស្ថិតនៅស្រុកភ្នំព្រឹក ០១ខ្នង, ស្រុកកំរៀង ០១ខ្នង និងស្រុកសំពៅលូន ០១ខ្នង សរុបមកទល់ពេលនេះបានធ្វើការចែកជូនគ្រួសារអតីតយុទ្ធចំនួន ១៥៥ ខ្នងផ្ទះ ផងដែរ។

ឯកឧត្តម ងួន រតន បានមានប្រសាសន៍ថា ដោយការគិតគូរយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចធ្លាប់ជាយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការពារជាតិមាតុភូមិ ដូច្នេះយល់ពីការលំបាករបស់គ្រួសារអតីតយុទ្ធជន ហើយសម្តេចតែងតែគិតគូរដល់សុខភាព ការរស់នៅ និងជីវភាពរបស់គ្រួសារអតីតយុទ្ធជនផងដែរ។

នៅក្នុងពិធីនេះ ម្ចាស់ផ្ទះនីមួយៗ ចំនួន ៣ គ្រួសារ ទទួលបានគ្រឿងឧបភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងម្នាក់ៗទទួលបាន៖ ថវិកា ២០០,០០០រៀល គ្រែ ០១ អង្ករចំនួន ១០០គីឡូក្រោម ទឹកត្រី១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ០១យួរ ឆ្នាំង ចាន មុង ០១ ភួយ ០១ កន្ទេល ០១ ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរ ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង ០១, លោកប្រធាន ស.អ.ក ស្រុកភ្នំព្រឹក, ស្រុកកំរៀង និងស្រុកសំពៅលូន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល សម្រាប់ធ្វើមធ្យោបាយនាំអតីតយុទ្ធជន មកចូលរួម ក្នុងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្ត បានឧបត្ថម្ភបន្ថែម ដល់ម្ចាស់ផ្ទះក្នុងម្នាក់ៗ ថវិកា ២៥០,០០០រៀល សរុបម្ចាស់ផ្ទះក្នុងម្នាក់ៗទទួលបានថវិកា ៤៥០,០០០រៀល ៕

អត្ថបទទាក់ទង