ឯកឧត្តម អភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ បម្រើការងារនៅការិយាល័យប្រតិបត្តិសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង
នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម ស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម អភិបាលរងខេត្ត បានអញ្ជើញចូលរួមសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ បម្រើការងារនៅការិយាល័យប្រតិបត្តិសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោក មាស ម៉ៃសាក់ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន រាយការណ៍អំពីសកម្មភាពទូទៅ និងមានប្រជាពលរដ្ឋមកពិនិត្យសុខភាពទូទៅចាប់ពី ៥០ ទៅ ៧០ នាក់ក្នុងមួយថ្ងៃ មានបុគ្គលិតពេទ្យ ១៥៨ នាក់ មន្ត្រីកិច្ចសន្យា ១២ នាក់ និងបុគ្គលិកស្ម័គ្រចំនួន ៤២ នាក់ ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា អគារសាលប្រជុំរបស់ការិយាល័យសុខាភិបលស្រុកប្រតិបត្តិសំពៅលូនសាងសង់ប្រមាណជាង ២០ ឆ្នាំមុន បានកសាងតាំងពីឆ្នាំ១៩៩៨ ដែលឯកឧត្តមជាវិស្វករសាងសង់ ហើយនៅពេលនោះស្រុកសំពៅលូនទើបបានធ្វើសមាហរណកម្មរួចហើយថ្មីៗផងដែរ។
ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា ចំពោះការអនុវតកម្មវិធីនយោបាយគាំពារមាតា និងទារក ការប្រើប្រាស់ប័ណ្ណសមធម៌ ត្រូវបន្តការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បញ្ជាក់ថា ការអនុគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាមទារឱ្យមានការចូលរួមពីលោកគ្រូ អ្នកគ្រូពេទ្យ ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលបានធ្វើវិមជ្ឍការមុខងារអំណោចក្នុងសម្រេចចិត្ត និងធនធានមនុស្សក្នុងការចាត់ចែង ដើម្បីធ្វើបម្រើបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាងមុនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានឧបត្ថម្ភជួយស្ថាបនាផ្លូវបេតុង ចាប់ពីក្លោងទ្វារចូលមន្ទីរពេទ្យស្រុកប្រតិបត្តិសំពៅលូន ចំនួន ១ ខ្សែ និងឧបត្ថម្ភថវិកា ២ លានរៀលដល់កម្មវិធីសំណេះសំណាលនេះផងដែរ៕
