រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ បានថ្លែងថារាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារ ផ្ទេរធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ

  • 2.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ដំណើរការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកបាណន់ ដែលមានការអញ្ជើញចូលរួមពី ប្រធានមន្ទី អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធចំណុះរដ្ឋបាលស្រុក។

លោក ឆេង ជីរ៉ាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការសមាហរណកម្មរចនាសម្ព័ន្ធថ្មីរដ្ឋបាលស្រុកបាណន់ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានអនុវត្តតាមលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនតាមរយៈការបោះឆ្នោត ដោយសកល និងអសកល ដោយសិទ្ធិទៅប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសនៅថ្នាក់ឃុំ និងថ្នាក់ជាតិ (បោះឆ្នោតជ្រើសរើសភសា និងការបោះឆ្នោតអសកល ព្រឹទ្ធសភា) ហើយឥឡូវរាជរដ្ឋាភិបាលបានធ្វើការពង្រីង និងពង្រីកលទ្ធិប្រជាធិបតេយ្យ ដោយបានផ្ទេរមុខងារសិទ្ធិអំណាចតាមរយៈវិមជ្ឈការ និងសហវិមជ្ឈការ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានផ្ទេរនូវធនធានមួយចំនួនមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងបន្តទៀតថា រដ្ឋបាលស្រុកត្រូវមានខ្សែគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នទាំងអស់ ដោយផ្ទាល់ ស្របតាមច្បាប់ការគ្រប់គ្រងរដ្ឋបាលរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការផ្ទេរមុខងារពីក្រសួងស្ថាប័នផងដែរ ។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់រដ្ឋបាលស្រុកត្រូវធ្វើការប្រជុំមន្ត្រីរចនាសម្ព័ន្ធថ្មី ដើម្បីធ្វើការណែនាំការិយាល័យនានាក្នុងរចនាសម្ព័ន្ធថ្មីចំណុះរដ្ឋបាលស្រុក ឱ្យអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនតាមលិខិតបទដ្ឋានគិតយុត្តនានា ។

ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុក ត្រូវខិតខំដោះស្រាយ រៀបចំកន្លែងធ្វើការ ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធថ្មី ដោយពិនិត្យលទ្ធភាពអគារដែលមានស្រាប់ ដូចជាអគារការិយាល័យសាធារណៈការ អគារការិយាល័យបរិស្ថាន អគារការិយាល័យសង្គកិច្ច និងអគារការិយាល័យនានាទៀត ដែលមាននៅក្នុងស្រុក ប៉ន្តែមានត្រឹមមន្រ្តី ១ នាក់ ឬ ២ នាក់ ប៉ុន្តែអគារមានរហូតទៅដល់ ៣ បន្ទប់ ទៅ ៤ បន្ទប់ ដែលបានបើកទ្វារធ្វើការតែម ១ បន្ទប់ និង ២ បន្ទប់ រដ្ឋបាលស្រុកត្រូវពិនិត្យនឹងធ្វើការរៀបចំឡើងវិញឱ្យបានសមស្រប និងមានប្រសិទ្ធិផងដែរ។

អត្ថបទទាក់ទង