រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័នថ្មី នៃរដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង

  • 2.6ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់ឲ្យដំណើរការរចនាសម្ព័នថ្មី នៃរដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកថ្មគោល ។

ពិធីនេះក៏មានការអញ្ជើចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយកងសាលា លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ក្នុងរចនាសម្ព័នថ្មី បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល បានឡើងអានសន្ទរកថា និងរបាយការណ៍សង្ខេបស្តីពីស្ថានភាព និងសភាពការទូទៅនៅក្នុងស្រុកថ្មគោល ជូនដល់គណៈអធិបតី និងអង្គពិធី ។

លោក ឆេង ជីរ៉ាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង បានឡើងអាន សេចក្តីសម្រេច ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័នថ្មីរបស់រដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន៥៥៨នាក់ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណវអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកថ្មគោលនេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិផ្ទេរអំណាចផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ឯកឧត្តម បានបន្តទៀតថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយចាប់ផ្តើមអនុវត្តនៅថ្នាក់ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២។ ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់រាជធានី ខេត្ត ក្រុងក្រងុ ខណ្ឌ ទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំការបោះឆ្នោតជ្រិិ៩រើសរើសក្រុមប្រឹក្សា នៅថ្នាក់រដ្ឋបាលទាំងនេះ តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មក។ ឯកឧត្តម បន្តទៀតថា ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក នាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ៖
១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ គឺ សំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។

២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទី ក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យ ដែលក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាខ្សែបណ្តោយនៃក្រសួងស្ថាប័ននីមួយៗ ជំនួសឱ្យការិយាល័យជំនាញ ដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត ដែលត្រូវអនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនង ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌដោយផ្ទាល់ទៅលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។

អត្ថបទទាក់ទង