រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ

  • 11.0ពាន់
  • ដោយ SokMean

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក  ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទ ស៊ីសុវត្ថិ ។ផ្ទះនេះសាងសង់ដោយលោកឧកញ៉ា នូ ពិនិត្យ ភីង និងភរិយា លោកស្រី យិន ។ លោកឧកញ៉ាជាមេទ័ព តែលុះដល់វ័យចំណាស់គាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមាន កូន៧នាក់ៈ ប្រុស១ ស្រី៦។ ក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ លោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ។ ផ្ទះបុរាណស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ចំងាយ២គម ពីសាលាខេត្ត     បាត់ដំបង។ នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្នោះ ដែលអាចទស្សនា    បាន។ បច្ចប្បន្នផ្ទះនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ។

            ផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូត ប៉ិត មានន័យថាហោណាំង (រានហាល)​ នៅខាងមុខ។ ផ្ទះនេះមានជណ្ដើរពីរៈ ខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើពីឈើ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និងមាន    ក្បូក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ។ សសរទាំង៣៦សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ។

ផ្ទះបុរាណនេះចែកជាបីផ្នែកៈ

ទី១ រានហាលខាងមុខ និងចំហៀង

ទី២ នៅចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ។

ទី៣ ទល់មុខបន្ទប់គេងទាំងពីរមានទ្វារ មានទ្វារមួយទៀតនាំទៅកាន់រានហាលចំហៀងនិងជណ្ដើរដែលធ្វើពីឈើ។  ចេញពីទ្វារនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះបាយមួយទៀត។

នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវដាក់សំភារៈហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលអោយខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះ។

ផ្ទះបុរាណមានការទាក់ទាញចំពោះភ្ញៀវជនជាតិបារាំងមានចំនួនច្រើនជាងគេនិងអាចទស្សនាជីវភាពប្រជាជនដែលរស់នៅតាមដងស្ទឹង ប្រកបរបដាំបន្លែ​ នេសាទត្រី ។

ដំណើកំសាន្តឆ្ពោះទៅកាន់ផ្ទះបូរាណ គឺជាដំណើទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលធ្វើអោយភ្ញៀវមិនអាចបំភ្លេចបានដោយសារតែពេលទៅទស្សនានៅទីនោះ បានឃើញផ្ទះបូរាណចាស់ៗបង្កប់ដោយលក្ខណៈ ស្ថាបយកម្មខ្មែរ ដែលនៅគង់វង្ស ដូចជា ឧបករណ៍ប្រើប្រាស់សំរាប់ការងារកសិកម្ម សិប្បកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋានដែលជារចនាបទខ្មែរបូរាណ។

អត្ថបទទាក់ទង