រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកអភិបាលរងខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការត្រួត ពិនិត្យមើលពីការវិនិយោគពុះដីឡូត៍ ការសាងសង់ និងពិនិត្យឯកសារច្បាប់អនុញ្ញាតពីការលក់ដូរ ការសាងសង់ នៅក្នុងដែនសមត្ថកិច្ចខ្លួន

  • 2.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាពិគ្រោះយោបល់ស្តីពីផែនការប្រើប្រាស់ដី និងការអភិវឌ្ឍដីក្នុងខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួពីលោកអភិបាល អភិបាលរង ក្រុង ស្រុក មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត ។

លោក សឿម ប៊ុនរិទ្ធ បានជំរុញឲ្យអាជ្ញាធរក្រុង ស្រុក ឃុំ-សង្កាត់ រហូតដល់ភូមិ ត្រូវចុះត្រួតពិនិត្យមើល ពីការពុះដីឡូត៍លក់នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីចុះពិនិត្យតាមដានមើលឯកសារច្បាប់ ដែលបញ្ជាក់ពីការអនុញ្ញាតឲ្យមានការវិនិយោគដី ដូចជាការពុះដីឡូតិ៍លក់ ការសាងសង់ នូវ សំណង់ផ្សេងៗ ដែលគ្មានការអនុញ្ញាតត្រឹមត្រូវនិងចុះជម្រុញឲ្យម្ចាស់ដីទាំងនោះអនុវត្តបែបបទនីតិវិធីច្បាប់។ ចៀសវាងពេលកើតមានបញ្ហាគ្មានឯកសារជាក់លាក់ច្បាស់លាស់ដែលអាចប្រឈម និងច្បាប់គ្រប់គ្រងដីធ្លី ក្នុងការដោះស្រាយពេលកើតមានបញ្ហា។និងអាចប្រឈមទៅនឹងទោសទណ្ឌកំណត់ដោយច្បាប់ទៀតផង។

លោកអភិបាលរងខេត្ត បានឡើងថា វេទិកាពិគ្រោះយោបល់ស្តីពីផែនការប្រើប្រាស់ដី និហើយវេទិកានេះ គឺផ្តោតនូវគោលបំណងសំខាន់ៗ ដើម្បីជួយដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យដីធ្លីក្នុងខេត្ត ជាមួយស្ថាប័ននិងបណ្តាមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ពិសេសជាមួយនិងអាជ្ញាធរនៃរដ្ឋបាលបាលដែនដីនៅមូលដ្ឋានផ្ទាល់របស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍលើដីធ្លីរបស់ខ្លួនឲ្យបានត្រឹមត្រូវស្របច្បាប់។

លោក សឿម ប៊ុនរិទ្ធិ ក៏បានរំលេចទៀតថា៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យក្នុងខេត្តបាត់ដំបង មានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់យ៉ាងខ្លាំង ទាំងបុរី ផ្ទះល្វែង ផ្ទះវីឡា ផ្សារទំនើបនិងការពុះដីឡូត៍លក់ជាដើម ដែលនេះបង្ហាញពីការរីកចម្រើនរបស់ខេត្ត ។

ទន្ទឹមនិងការអភិវឌ្ឍរីកចម្រើន នូវ វិស័យអចលនទ្រព្យនេះក៏នៅមានក្រុមហ៊ុន និងបណ្តាអ្នកវិនិយោគមួយចំនួននៅតាមតំបន់ខ្លះក្នុងស្រុក-ក្រុង នៅតែមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ និង ខ្លះទៀត បានធ្វើឲ្យការអភិវឌ្ឍរបស់ខ្លួន បង្កទៅជាឧបសគ្គធ្វើឲ្យរាំងស្ទះដល់បណ្ដាញលូទឹករបស់រដ្ឋការចាក់ដីលុបផ្លូវសាធារណៈ លុបប្រឡាយ បឹង-អូរធម្មជាតិ និងបានពុះច្រៀកដីឡូត៍លក់មិនសមស្រប ទៅនឹងស្ដង់ដារ ក្នុងការរស់នៅ ។

តាមរយៈការលើកឡើង ក្នុងអង្គវេទិកាពិគ្រោះយោបល់ ស្តីពីផែនការប្រើប្រាស់ដី និង ការអភិវឌ្ឍដីក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះ លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ក៏បានលើកឡើងឲ្យដឹងទៀតថា៖ គិតត្រឹមខែឧសភាឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន មន្ទីរបានទទួលពាក្យស្នើសុំលិខិតអនុញ្ញាតការអភិវឌ្ឍនលើវិស័យដីធ្លី សរុបចំនួន១៥គម្រោង។ហើយជាលទ្ធផលរដ្ឋបាលខេត្តបានផ្ដល់លិខិតអនុញ្ញាតចំនួន០៥គម្រោងស្របតាមបរិបទនៃ ការផ្ដល់សេវា។ ០៤គម្រោងទៀត កំពុងតែបិទផ្សាយរយៈពេល១៥ថ្ងៃ។ និង៦គម្រោងទៀត កំពុងតែពិនិត្យ និង កែសម្រួល ។

ក្នុងនេះដែរ លោកប្រធានមន្ទីរ ក៏បានណែនាំដល់ក្រុមហ៊ុននិងអ្នកវិនិយោគទាំងអស់ ក៏មិនត្រូវធ្វើការអភិវឌ្ឍដី ដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុន, មិនត្រូវប្រើប្រាស់នូវលិខិតអនុញ្ញាត ដែលហួសសុពលភាព, មិនត្រូវធ្វើការអភិវឌ្ឍដីខុសពីលិខិតអនុញ្ញាត, មិនត្រូវធ្វើការផ្ទេរលិខិតអនុញ្ញាតដី ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអាជ្ញាធរនៅទីនោះ, មិនត្រូវតាំងបង្ហាញនូវស្លាកផ្ទាំងប៉ាណូដែលពាក់ព័ន្ធពីគម្រោងរបស់ខ្លួន ដែលខុសពីគំនូរប្លង់ប្រើប្រាស់ដីធ្លី ដែលអាជ្ញាធរបានអនុញ្ញាត ឬតាមការណែនាំជាលាយលក្ខណ៍អក្សររបស់អាជ្ញាធរជាមុន ប្រសិនបើប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិនេះ អាចនឹងទទួលទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ។

តាមរយៈវេទិកានេះផងដែរ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកដីធ្លីក៏បានថ្លែងគូសបញ្ជាក់ដោយបានសង្កត់ធ្ងន់ថា៖នៅពេលខាងមុខនេះរដ្ឋបាលខេត្តបាត់ដំបងគ្រោងនិងរៀបចំដាក់នូវវីដេអូដើម្បីធ្វើការផ្សព្វផ្សាយពីតារាងតម្លៃសេវាសាធារណៈ នៅក្នុងការិយាល័យច្រកចេញ-ចូលតែមួយ ដើម្បីបង្ហាញដល់ពលរដ្ឋ ដែលបានមកទទួលសេវាទីនោះឲ្យដឹងអំពីតម្លៃសេវាច្បាស់លាស់ ចៀសវាងមានអំពើពុករលួយកើតឡើង នៅទីនោះ៕

អត្ថបទទាក់ទង