នៅរសៀលថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយលោក Lendell Foan ប្រធានក្រុមហ៊ុន Nickol Global Solution (NGS) ដើម្បីសិក្សាការផ្តល់សេវារបស់អង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្ត និងការិយាល័យច្រកចេញ-ចូលតែមួយ របស់ក្រុង ស្រុក ។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញពីលោកស្រីនាយករងរដ្ឋបាលខេត្ត លោក លោកស្រី អភិបាលរង ក្រុង ស្រុក ប្រធាន អនុប្រធាន អង្គភាព និងការិយាល័យច្រកចេញ-ចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផងដែរ។
លោក សឿម ប៊ុនរិទ្ធិ បានមានលើកឡើងថា ការផ្តល់សេវានៅអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត ក៏ដូចជាការិយាល័យច្រកចេញ-ចូលតែមួយក្រុង ស្រុក បានអនុវត្តតួនាទីរបស់ខ្លួន និងការផ្តល់សេវាបានល្អមួយចំនួនផងដែរ។
ទន្ទឹមនឹងការផ្តល់នេះដែរ លោកអភិបាលរងខេត្ត បានបន្តទៀតថា ការផ្តល់សេវាមួយចំនួន នៅតែមានការយឺតយ៉ាវក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយអ្នកផ្តល់សេវានៅជួរក្រោយមានតិច (មន្ទីរអង្គភាពខ្វះមន្ត្រី) និងការផ្តសេវាមួយចំនួនត្រូវចុះពិនិត្យវាយតម្លៃរួច ទើបចេញលិខិតអនុញ្ញាតជូន ដូច្នេះទើបធ្វើឱ្យមានការយឺតយ៉ាវ។
លោក សឿម ប៊ុនរិទ្ធិ បញ្ជាក់បន្ថែមទៀតថា ខេត្តបាត់ដំបង បានអនុវត្តសាកល្បងនូវការិយាល័យច្រកចេញ-ចូលតែមួយស្រុកបាត់ដំបង តាំងពីឆ្នាំ២០០៣ ទទួលបានជោគជ័យ និងបានធ្វើការពង្រឹកការអនុវត្តការច្រកចេញ-ចូលតែមួយ នៅតាមបណ្តាក្រុង ស្រុករហូតដល់បច្ចុប្បន្ននេះ។
លោកអភិបាលរងខេត្ត បានធ្វើការគាំទ្រនូវរបស់ក្រុមហ៊ុន Nickol Global Solution (NGS) ដែលមានគម្រោងកែលម្អរការផ្តល់សេវាតាមបច្ចេកវិទ្យាទំទើប ដើម្បីងាយស្រួលក្នុងការផ្តល់សេវា និងការទទួលសេវាផងដែរ ។