រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ខិតខំពន្លឿនការរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម ក្នុងក្រុងបាត់ដំបង ដើម្បីឲ្យទាន់មុនព្រឹត្តិការណ៍”បុណ្យទន្លេលើកទី៦”

  • 3.3ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត  បានខិតខំក្នុងការពន្លឿនការរៀបចំកែលម្អនូវសោភ័ណភាពក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង របស់ខ្លួន តាមរយៈការអភិវឌ្ឍរៀបចំច្រាំងស្ទឹងសង្កែទាំងត្រើយខាងកើតនិងខាងលិច ការរៀបចំនូវសណ្តាប់ធ្នាប់សាធារណៈ ដូចជា៖ ការដោះស្លាកយីហោ ផ្ទាំងប៉ាណូតាមសំយ៉ាបផ្ទះ មុខផ្ទះ តាមដងផ្លូវលេខ១ ក្នុងក្រុងបាត់ដំបង ដែលធ្វើឲ្យបាត់បង់សោភ័ណភាពសំណង់ស្ថាបត្យកម្មដែលបន្សល់ពីសម័យអាណានិគមនិយមបារាំង ការរៀបចំចាក់ក្រាលកៅស៊ូបេទីមនៅចំណុចដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង។ល។ ដើម្បីត្រៀមរៀបចំនូវព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ ក្នុងខេត្តបាត់ដំបង ដែលនិងប្រព្រឹត្ត ទៅនៅថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចុះពិនិត្យការដ្ឋានចាក់ក្រាលកៅស៊ូបេទីមមីណ័រដែលកំពុងដំណើរការនៅចំណុចស្ពានថ្មសម្តេចអគ្គមហាសេនាបតីឲតេជោ ហ៊ុនសែន ដោយក្នុងនោះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ ការចាក់ក្រាលកៅស៊ូបេទីមីណ័រដែលកំពុងតែដំណើរការនេះ គឺជាកិច្ចការបន្ថែម ដែលនៅសេសសល់ពីមុនមក ខណៈដែលរដ្ឋបាលខេត្តបានធ្វើការកែលម្អកាលពីឆ្នាំ២០១៩កន្លងមក។ហើយសម្រាប់ការចាក់ក្រាលកៅស៊ូនៅថ្ងៃនេះ គឺមានប្រវែងប្រមាណ២០.០០០ម៉ែត្រក្រឡានិងជាកិច្ចការបង្ហើយដែលនៅសេសសល់ពីមុនមក។ដោយក្នុងនោះដូចជា៖ចាក់ក្រាលកៅស៊ូនៅចន្លោះផ្លូវច្រមុះជ្រូក សួនច្បារនាគសន្តិភាព ដែលជាចំណុចគោលដៅសំខាន់ ក្នុងការរៀបចំនូវវេទិកាព្រឹត្តិការណ៍បុណ្យទន្លេនៅថ្ងៃខាងមុខឆាប់ៗនេះ, ផ្លូវចុះពីស្ពានថ្មសម្តេចតេជោហ៊ុនសែន មកទល់ស្តុបស្វាយប៉ោមុខសាលាខេត្តជាដើម...។ ក្រៅពីនោះ ក៏មានការកែលម្អនិង រៀបចំបំពាក់ នូវប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសំខាន់ៗដែលជាក្រវ៉ាត់ក្រុងទាំងមូលផងដែរ ដូចជាផ្លូវវៀងរង្វង់មូលយាយទេព ផ្លូវភ្លោះអតីតស្ពានថ្មចាស់ នៅមុខសាលាខេត្តចាស់ ការកែលម្អ និង បង្វែរផ្លូវទឹកក្នុងស្ទឹងសង្កែ ការកែលម្អនិងធ្វើជម្រាលច្រាំងស្ទឹងសង្កែទាំងសងខាង ការពង្រីកទីធ្លាផ្លូវដើរហាត់ប្រាណនៅតាមមាត់ស្ទឹងសង្កែត្រើយខាងកើតនិងរៀបចំធ្វើបង្កាន់ដៃវ៉េរ៉ង់ដានៅទីនោះប្រមាណ៧០០ម៉ែត្រសម្រាប់ការឈរកំសាន្តតាមមាត់ស្ទឺង និងរក្សាសុវត្ថិភាពនៅទីនោះផងដែរ។

សូមបញ្ជាក់ថា៖នៅឆ្នាំ២០២០នេះ ខេត្តបាត់ដំនិងមានរៀបចំនូវព្រឹត្តិការណ៍ថ្នាក់ជាតិសំខាន់ៗជាច្រើនផងដែរ ដូចជា៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ព្រឹត្តិការណ៍បុណ្យរុក្ខទិវា ដែលនិងប្រព្រឹត្តទៅក្រោម ព្រះរាជវត្តមាននិងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របសព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី។

ថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តបាត់ដំបង ពាក់ព័ន្ធជុំវិញការរៀបចំបុណ្យទន្លេនៅខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់ នូវ អនុសាសន៍សំខាន់ៗ ក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦នៅក្នុងខេត្តបាត់ដំបងដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ខែមីនាឆ្នាំ២០២០ខាងមុខឆាប់ៗនេះ ក្រោមប្រធានបទ" ទន្លេនៃសន្តិភាព - ទន្លេនៃវិបុលភាព"។

ដោយក្នុងនោះ៖ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានជម្រុញដល់ថ្នាក់ដឹកនាំនៅក្នុងខេត្ត និង បណ្តាមន្ទីរវិស័យជំនាញពាក់ព័ន្ធ ទាំងអស់ក្នុងខេត្ត និង អាជ្ញាធរគ្រប់ថ្នាក់ឲ្យបង្កើនការយកចិត្តទុកដាក់ថែមទៀត ក្នុងការរៀបចំទីក្រុងបាត់ដំបងរបស់ខ្លួន ឲ្យកាន់តែមានភាពល្អប្រសើរក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិឲ្យមកកំសាន្តបានច្រើន។ អ្វីដែលផ្តោតសំខាន់គឺ៖ ការរៀបចំឲ្យមានដងវិថីម្ហូបអាហារ (Food Street)មួយកន្លែងដើម្បីទាក់ទាញនិងបំរើដល់ភ្ញៀវទេសចរណ៍ដែលចូលមកកំសាន្តនិងស្នាក់នៅក្នុងខេត្តនេះ។ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបង្ហាញពីការរំពឹងទុកថា៖ ខេត្តបាត់ដំបងនិងមានសន្ទុះកើនឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តខ្លួននៅក្រោយពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៥បញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ផ្លូវរថភ្លើងចាប់ដំណើរការល្អប្រសើរប្រក្រតីឡើងវិញ និងការរៀបចំច្រកទ្វារអន្តរជាតិសំខាន់ៗរួចរាល់ជាស្ថាពរ។នោះសន្ទុះ និង កំណើនលំហូរភ្ញៀវទេសចរណ៍ ទាំងជាតិនិងអន្តរជាតិ កាន់តែមាននហូរចូលខេត្តមួយនេះ បានកើនច្រើនឡើងថែមទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

អត្ថបទទាក់ទង