រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញអធិបតីភាពក្នុងពិធីគរុគុណ និងបើកបវេសនកាលឆ្នាំ២០១៩-២០២០ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច( UME ) ខេត្តបាត់ដំបង

  • 1.8ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញអធិបតីភាពក្នុងពិធីគរុគុណ និងបើកបវេសនកាលឆ្នាំ២០១៩-២០២០ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ( UME ) ខេត្តបាត់ដំបង ដែលប្រារព្ធធ្វើនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដែលរៀបចំដោយសាលកវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមពី ឯកឧត្តម ទុន ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច, ឯកឧត្តមបណ្ឌិត ប៊ុត គឹស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និស្សិត ជាច្រើននាក់ចូលរួមផងដែរ។

ឯកឧត្តម ទុន ណារិទ្ធ បានរាយការណ៍អំពីលទ្ធផលការងារអប់រំដល់និស្សិតកន្លងមក និងបានរំលឹក និងដាស់តឿនដល់និស្សិត និងយើងទាំងអស់គ្នាត្រូវដឹងគុណគ្រូ ដែលជាគ្រូបាធ្យាយ បានខិតខំបង្ហាត់បង្រៀនយើងឲ្យមានចំណេះដឹង ចំណេះជំនាញ ដល់និស្សិតគ្រប់រូបដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ និងខេត្តបាត់ដំបងយើងផងដែរ ។

ឯកឧត្តម ទុន ភក្តី សាកលវិទ្យាធិការ បានលើកឡើងថា ការប្រារព្ធពិធីគរុគុណនេះឡើង ក្នុងគោលបំណងឲ្យមានការចងចាំចំពោះគុណបំណាច់ដ៏ថ្លៃថ្លាបំផុត របស់គ្រូបាធ្យាយរបស់យើងនៅគ្រប់ជំនាន់ ដែលលោកបានចូលរួមផ្តល់ការអប់រំ ផ្តល់ចំណេះដឹង ធ្វើឲ្យយើងចេះអាន ធ្វើឲ្យយើងចេះគិត ។ ហើយធ្វើឲ្យយើងមានការយល់ដឹង ធ្វើឲ្យជីវិតរបស់យើងថ្លៃថ្នូរ ចូលរួមចំណែកដល់ការកសាងសេដ្ឋកិច្ចសង្គម។

តាមរយៈការចូលរួមដោយសុភាពរាបសារ ដោយអំណត់អត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រ ជាគ្រូបាធ្យាយទាំងនោះដែរ។

ឯកឧត្តម សាកលវិទ្យាធិការបានបន្តថា យើងមិនត្រូវភ្លេចគុណគ្រូទេ ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី០៥ ខែតុលា ជារៀងរាល់ឆ្នាំជាទិវាគ្រូបង្រៀន។

សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រ ដែលបានផ្តល់ចំណេះវិជ្ជាដល់សិស្សគ្រប់ជំនាន់ បានក្លាយជាអ្នកដឹកនាំស្ថាប័ន អាជីវករពាណិជ្ជករ ក្រុមហ៊ុន គ្រឹះស្ថាន ប្រកបដោយធនធានចំណេះធនធានសម្បត្តិ ក្នុងការចូលរួមអភិវឌ្ឍប្រទេសប្រកបដោយសុខក្សេមក្សាន្ត បន្ទាប់ពីការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកជូនប្រជាពលរដ្ឋគ្រប់ស្រទាប់នូវសុខសន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់គ្រប់ទីកន្លែង។

ឯកឧត្តម ងួន រតន: បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ UME ខេត្តបាត់ដំបង ដែលបានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំ២០១៩-២០២០គរុគុណនេះឡើង នេះជាលើកទី៥ហើយ ដែលសាកលវិទ្យាល័យ UME បានធ្វើកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា «បើគ្មានសន្តិភាពទេ គឺគ្មានអ្វីៗទាំងអស់ ដូច្នេះយើងទាំងអស់គ្នា នាំគ្នាចូលរួមការពារសន្តិភាពនេះ ឲ្យមាននៅយូរអង្វែងដោយមិនអាចឲ្យរបូត ពីយើងបានឡើយ ពិសេសជាងនេះទៅទៀតនោះគឺ អតីតកាលប្រទេសយើងធ្លាប់មាន សង្រ្គាមរ៉ាំរ៉ៃ ធ្លាប់បាត់សាសនា មានសង្រ្គាម តែបច្ចុប្បន្នដែលយើងធ្លាប់បាត់នោះ គឺមានមកវិញលើគ្រប់វិស័យហើយ»។

ឯកឧត្តម បានផ្តាំផ្ញើដល់និស្សិតនៅក្នុងអង្គពិធីថា បន្ទាប់ពីវិស័យអប់រំរដ្ឋនិងឯកជនបានបង្កើតធនធានមនុស្សបានជាច្រើនហើយតែសូមឲ្យក្មួយៗដែលកំពុងសិក្សាត្រូវខិតខំរៀនសូត្រដើម្បីមានចំណេះដឹង សម្រាប់ខ្លួនឯង គ្រួសារនិងសម្រាប់ប្រទេសជាតិ យើង យកទៅបម្រើការងារផ្សេងៗគ្នាជាការចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិយើងកាន់តែរីកចម្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏សំណូមពរដល់ឯកឧត្តម សាកលវិទ្យាល័យ ពិនិត្យ និងគួររៀបចំ ដើម្បីឱ្យនិស្សិតរបស់យើងចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព និងកំណត់ពិន្ទុក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ដើម្បីជួយបង្ការការពារធនធានមនុស្ស ដែលយើងខិតខំបណ្តុះបណ្តាល កុំឱ្យបាត់បង់ដោយប្រការណាមួយក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

អត្ថបទទាក់ទង