នៅថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួប និងចុះអនុស្សរណៈជាមួយខេត្តអិហ៊ិមិ ប្រទេសជប៉ុន ។
គណៈប្រតិភូខេត្តអិហ៊ិមិ ប្រទេសជប៉ុន បានព្រមព្រៀងគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅសាលសន្និសីទសាលាខេត្តបាត់ដំបង ក្រោមវត្តមានឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្ត្រីរាជការជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត កងកម្លាំង សភាពាណិជ្ជកម្ម សភាមុខរបរ និង ឯកឧត្តម តូគីហ៊ីរ៉ូ ណាកាប៉ូរ៉ា អភិបាលខេត្តអិហ៊ិមិ ប្រទេសជប៉ុន និងគណៈប្រតិភូក្រុមហ៊ុនជប៉ុននានា ជាច្រើននាក់ចូលរួមផងដែរ។
ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គណៈប្រតិភូខេត្តអិហ៊ិមិ ប្រទេសជប៉ុន ដោយបានបញ្ជាក់ពីសក្តានុពលនៃខេត្តបាត់ដំបងលើគ្រប់វិស័យ ដែលមានប្រជាពលរដ្ឋរស់នៅភាគច្រើនជាអ្នកប្រកបមុខរបរកសិកម្ម ពាណិជ្ជករ អាជីវករ ជាដើម។
ឯកឧត្តម ងួន រតន: បានបញ្ជាក់ថា ក្នុងជំនួបគ្នារវាងភាគីទាំងពីរនាថ្ងៃនេះ គឺភាគីទាំងពីរបានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាការបង្កើតចំណងសម្ព័ន្ធមេត្រីភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហ៊ិមិ នៃប្រទេសជប៉ុន ហៅកាត់ថា (ភាគីទាំងពីរ) ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃភាគីទាំងពីរដោយគោរពទៅតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេសទាំងពីរ។
ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តបាត់ដំបង និងខេត្តអិហ៊ិមិ ភាគីទាំងពីរព្រមព្រៀងសហការគ្នាទៅតាមលក្ខខណ្ឌខាងក្រោមដើម្បីអនុវត្តសកម្មភាព និងគម្រោងនានា ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីទាំងពីរ តាមរយៈការប្រើប្រាស់ផលិតផលនិងបច្ចេកវិទ្យានានាពីខេត្តអិហ៊ិមិ រួមមាន ៖
១. ភាគីទាំងពីរនឹងបង្កើតចំណងមិត្តភាពដោយឈរលើគោលការណ៍ស្មើភាព ជឿជាក់ និងគោរពគ្នាទៅវិញទៅមក។
២. ភាគីទាំងពីរយល់ព្រមសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍបច្ចេកវិទ្យានិងធនធានមនុស្សដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាស់ប្តូរអន្តរតំបន់ ដោយឈរលើគោលការណ៍ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។
៣. ភាគីទាំងពីរនឹងសហការគ្នាជំរុញភាពជឿនលឿនលើវិស័យឧស្សាហកម្ម ដោយផ្តោតសំខាន់លើឧស្សាហកម្មកែច្នៃចំណីអាហារតាមរយៈការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យានានារបស់ខេត្តអិហ៊ិមិ។
៤. ភាគីទាំងពីរនឹងជំរុញឱ្យមានការផ្លាស់ប្តូររវាងវិស័យឯកជនដើម្បីជួយលើកទឹកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម ការផ្លាស់ប្តូរធនធានមនុស្ស និងវិស័យពាក់ព័ន្ធផ្សេងៗ
ទៀតនៅក្នុងខេត្តបាត់ដំបងនិងខេត្តអិហ៊ិមិ។
៥. ភាគីទាំងពីរនឹងសហការគ្នាធ្វើកិច្ចការសំដៅពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងធ្វើការរួមគ្នាដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្ម ជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមក និងកសាងនូវទំនាក់ទំនងកាន់តែជិតស្និទថែមទៀតរវាងខេត្តបាត់ដំបងនិងខេត្តអិហ៊ិមិ។
ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរមិនត្រូវបានបង្កើត និងជាប់កាតព្វកិច្ចផ្នែកច្បាប់ណាមួយដែលធ្វើឱ្យពាក់ព័ន្ធដល់ភាគីទាំងពីរនោឡើយ។
សូមជម្រាបជូនថា នៅក្នុងការទំនាក់ទំនងគ្នារវាងភាគីទាំងពីរ ខេត្តបាត់ដំបង បានកំណត់យកទីចាត់ការរដ្ឋបាល និងខេត្តអិហ៊ិមិបានកំណត់យកនាយកដ្ឋានគោលនយោបាយឧស្សាហកម្មខេត្តអិហ៊ិមិ។
អនុស្សរណៈនៃការយោគយល់គ្នានេះនឹងមានប្រសិទ្ធភាពក្រោយពេលដែល ភាគីទាំងពីរបានចុះហត្ថលេខារួច។ រាល់ខ្លឹមសារដែលបានកំណត់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះនឹងមិនប៉ះពាល់ដល់សកម្មភាពសហប្រតិបត្តិការដែលធ្លាប់មានកន្លងមកនោះទេ។ រាល់ការធ្វើវិសោធនកម្មកែសម្រួល ឬការបន្ថែមខ្លឹមសារថ្មី ឬលុបចោលខ្លឹមសារមួយចំនួនលើអនុស្សរណៈនេះនឹងត្រូវធ្វើឡើងយោងតាមការព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងភាគីទាំងពីរ។
នាក្នុងឱកាសនោះដែរ ឯកឧត្តម តូគីហ៊ីរ៉ូ ណាកាប៉ូរ៉ា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ទទួលរាក់ទាក់និងស្វាគមន៍យ៉ាងកកក្តៅដល់ប្រតិភូខេត្តអិហ៊ិមិ និងឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានធ្វើឡើងចំនួនប្រាំមួយច្បាប់ និងបីភាសា ភាសាខ្មែរពីរចំនួនច្បាប់ភាសាជប៉ុនពីរច្បាប់ និងភាសាអង់គ្លេសពីរច្បាប់ ដោយមានតម្លៃស្មើគ្នាទាំងបីភាសា។ ក្នុងករណីមានការយល់អត្ថន័យបកស្រាយខុសគ្នា ត្រូវយកច្បាប់ជាភាសាអង់គ្លេសធ្វើជាគោល។
បន្ទាប់ពីប្រគល់វត្ថុអានុស្សាវរីយ៍ជូនគ្នាទៅវិញរួចមក ប្រតិភូជប៉ុនបានអញ្ជើញទៅទស្សនានៅរម្មណីដ្ឋានឡូរីភ្នំបាណន់រួច បានអញ្ជើញពិសារបាយសាមគ្គី ដើម្បីរឹតចំណងមិត្តភាពរវាងខេត្តទាំងពីរផងដែរ។