ព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមជាមួយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អមដោយលោក លោកស្រីអភិបាលរងស្រុក លោកមេឃុំអូរដំបង១ អូរដំបង២ និងលោកមេឃុំវត្តតាមិម បានចុះពិនិត្យស្ថានភាពប្រឡាយ និងការនាំទឹកចូលប្រឡាយ ដើម្បីធ្វើការស្រាចស្រពដំណាំបង្ការ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៣ ឃុំ នៃស្រុកសង្កែ រួមមាន ៖ ឃុំអូរដំបង១ ឃុំអូរដំបង២ និងឃុំវត្តតាមិម ដែលកំពុងរងជួបការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ប្រមាណជិត ៣០០០ គ្រួសារ ។
លោក ឡុង ផលគុណ បានឱ្យដឹងថា បច្ចុប្បន្នមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានទឹក្នុងការពហុបំណងសេក និងទឹកនៅទំនប់កង្ហត់ មានសម្រាប់តែបងប្អូនប្រើប្រាស់ក្នុងស្រាចស្រពដំណាំពោត សណ្តែក បន្លែបង្ការ និងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ មិនអាចយកមកធ្វើស្រែប្រាំងបង្កើនរដូវបានទេ ។ ម្យ៉ាងវិញនៅតាមបណ្តាឃុំមួយចំនួន កំពុងជួបបញ្ហាការខ្វះខាតទឹកប្រើប្រាស់ប្រចាំ ដូច្នេះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដោយមានការចង្អុចបង្ហាញពីឯកឧត្តមអភិបាលខេត្ត បានធ្វើការបង្វែទឹកមកជូនឃុំចំនួន ៣ នៃស្រុកសង្កែ សម្រាប់ធ្វើការប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។
លោក មេឃុំចំនួន ៣ ឃុំ ខាងលើបានឲ្យដឹងថាបច្ចុប្បន្ន មានភូមិមួយចំនួនកំពុងជួបបញ្ហាខ្វះទឹកសម្រាប់ស្រាចស្រព និងប្រើប្រាស់ប្រចាំថ្ងៃ ដែលមានប្រមាណជិត ៣០០០ គ្រួសារ នៅក្នុងឃុំចំនួន៣ ខាងលើផងដែរ។
សូមជម្រាបជូនថា ក្រោយពីឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពប្រឡាយ និងនាំយកទឹកពីប្រពភពទំនប់កង្ហត់ តាមរយៈប្រឡាយលេខ៤ និងលេខ៣ ដើម្បីទំលាក់ចូលប្រឡាយក្នុងឃុំវត្តតាមិម ឃុំអូរដំបង១ និងឃុំអូរដំបង២ ដើម្បីសម្រាប់ធ្វើការផ្គត់ផ្គង់ការស្រាចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃ ៕
ឆ្លៀតក្នុងឱកាសដែរនោះឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរ ក៏ចូលរួមបុណ្យបងប្អូនប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយបងប្អូនអ្នកចំការ និងជួយទិញស្ពៃបងប្អូន កំពុងកាត់ស្ពៃយកទៅលក់ទីផ្សារផងដែរ៕