រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

គ្រឿងចក្រចំនួន០៣គ្រឿងរបស់ JMAC ស្ថិតក្នុងគម្រោងជួយកៀពង្រាបដីស្រែនិងចម្ការ ដល់ប្រជាកសិករក្រីក្រក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមកដល់ស្រុកគោលដៅ

  • 1.7ពាន់
  • ដោយ Sotheavy

ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជំនួយមនុស្សធម៌ជេម៉ាស់ (JMAC) តាមរយៈក្រុមហ៊ុនកូម៉ាតស៊ុ (KOMATSU) ប្រទេសជប៉ុនបាននាំយកគ្រឿងចក្រ ០៣ប្រភេទ ដើម្បីជួយឈូសឆាយ កៀ និង ពង្រាបដីស្រែ ប្រជាកសិករក្រីក្រក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបងនិងស្រុកដោយមិនយកកម្រៃ។គម្រោងនេះនឹងប្រព្រឹត្តទៅនៅខែមករាឆ្នាំ២០២០នេះ ក្នុងស្រុកគោលដៅទាំង២ខាងលើខណៈដែលគ្រឿងចក្រទាំង៣ប្រភេទនេះ បានមកដល់ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលចុងសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ក្នុងឱកាសចុះពិនិត្យមើលគ្រឿងចក្រ ទាំង០៣ប្រភេទ ដែលជាគម្រោងជំនួយមនុស្សធម៌ ១០០% របស់ ក្រុមហ៊ុនកូម៉ាតស៊ុ (KOMATSU) តាមរយៈជេម៉ាស់នៃ ប្រទេសជប៉ុន។ដោយក្រុមហ៊ុននេះនាំយកនូវគ្រឿងចក្រ៣ប្រភេទមកពីជប៉ុនដើម្បីសាកល្បងជាលើកដំបូងក្នុងការជួយឈូសឆាយពង្រាបដីស្រែប្រជា
កសិករក្នុងខេត្តបាត់ដំបង ដោយមិនយកកម្រៃហើយគម្រោងនេះនឹងត្រូវអនុវត្តន៍នៅក្នុងអំឡុងខែមេសាឆ្នាំ២០២០ឆាប់ៗខាងមុខ ដោយកំណត់យកស្រុកឯកភ្នំ ជាជំហ៊ានដំបូងក្នុងការសាកល្បងនឹងប្រើប្រាស់គ្រឿងចក្រទំនើបក្នុងវិស័យកសិកម្មជួយដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពក្នុងការកែប្រែនិងកៀពង្រាបដីកសិកម្ម សម្រាប់ការដាំដុះដំណាំស្រូវឬចម្ការរបស់ខ្លួន ក្នុងការទាញយកនូវទិន្នផលខ្ពស់។

គម្រោងដែលបានគូសបញ្ជាក់ខាងលើនេះ គឺធ្វើឡើងក្នុងកិច្ចជំនួបមួយរវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក NAGIRA At sushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU Co.Ltd.ជប៉ុន និង លោក SHIMOZONO Nobuyoshi ទីប្រឹក្សានៃគម្រោងបច្ចេកទេស អង្គការ JMASជប៉ុន ដោយមានការចូលរួមពីអាជ្ញាធរស្រុកគោលដៅទាំង២ខាងលើ និង មន្ទីរជំនាញពាក់ព័ន្ធ កាលពីដើមខែធ្នូ២០១៩កន្លងទៅនេះ។

សូមបញ្ជាក់ថា៖ កន្លងទៅអ្នកជំនាញរបស់ម្ចាស់ជំនួយធ្លាប់បានអះអាងបញ្ជាក់ឲ្យដឹងថា៖គ្រឿងចក្រដែលយកមកជួយឈូសឆាយដីស្រែរបស់កសិករនេះមានដូចជាប្រភេទវាសស្ទង់ដី រុញដីពង្រាប និងកៀ កាយដី ដែលវាមានសមត្ថភាព ក្នុងការជួយដល់កសិករ ដែលទទួលបាន នូវគម្រោងនេះ អាចធ្វើស្រែក្នុងមួយហិកតា ជាមធ្យមជាង៣តោន ទៅជាង៥តោន ។ ហើយគម្រោងនេះនិងចាប់ផ្តើមអនុវត្តន័អំឡុងខែមេសា នៅស្រុកគោលដៅ ឯកភ្នំខេត្តបាត់ដំបង។ ហើយក៏ជាស្រុកសាកល្បងនៃគម្រោងលើកដំបូងមុនគេ តាមរយៈ នៃ អង្គការជេម៉ាស់ជប៉ុននៅកម្ពុជា។
                      
តាមរយៈគម្រោងនេះលោកSHIMOZONO Nobuyoshiទីប្រឹក្សាគម្រោងបច្ចេកទេសអង្គការ (JMAS)ជប៉ុនក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានស្រុកឲ្យជួយសម្រួបសម្រួលដើម្បីឲ្យគម្រោងនេះមានកិច្ចសហការល្អនិងប្រព្រឹត្តទៅដោយរលូនជោគជ័យ ។
        
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង តាមរយៈគម្រោងនេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត នឹងខិតខំជំរុញបន្ថែមដល់អាជ្ញាធរស្រុកឃុំនិងប្រជាពលរដ្ឋ ដែលស្ថិតក្នុងគោលដៅគម្រោង ត្រូវធ្វើយ៉ាងណាខិតខំ និងបង្កលក្ខណៈងាយស្រួលឲ្យដៃគូអភិវឌ្ឍន៍ បានអនុវត្តគម្រោងរបស់ខ្លួនចំគោលដៅហើយបងប្អូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដនៅទីនោះ ក៏ទទួលបាននូវលទ្ធផលជោគជ័យនិងផ្លែផ្កាពិតប្រាកដពីគម្រោងមួយនេះផងដែរ៕

អត្ថបទទាក់ទង